កម្ពុជា-តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភា ដើម្បីផលប្រយោជន៍ពលរដ្ឋទាំងពីរប្រទេស
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េដែលនឹងចប់អាណត្តិនៅតែបន្តពង្រឹងទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋទាំងសងខាង ។

ក្នុងឱកាសអនុញ្ញាតជូន លោកស្រី អ៊ុលឃូ ខូខាអ៊ីវ ចូលជួបសម្តែងការគួរសម នៅថ្ងៃ៧ មេសា សម្តេច ឃួន សុដារី គូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅប្រទេសតួកគីនាឆ្នាំ២០១៩។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ គណៈប្រតិភូរដ្ឋសភា និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា និងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះ មានការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម ប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្តធ្វើការរួមគ្នាដើម្បីប្រកាន់យក និងកៀរគរប្រទេសផ្សេងៗទៀត ឱ្យគោរពនូវគោលការណ៍ទាំងនេះ ក្នុងពេលដែលសកលលោកកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ហ៊ុព័ទ្ធដោយសង្គ្រាមនោះ។
លោកស្រី អ៊ុលឃូ ខូខាអ៊ីវ បានថ្លែងថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីយ៉េប្រចាំនៅកម្ពុជា បន្តពីលោកស្រីក៏នៅតែផ្តល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងប្រទេសទាំងពីរ ពិសេសការបន្តពង្រឹងទំនាក់ទំនងក្រុមមិត្តភាពរដ្ឋសភា ក៏ដូចជាការពង្រឹងទំនាក់ទំនងពហុភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ ដូចជានៅក្នុងក្របខ័ណ្ឌអាស៊ាន ជាដើម៕
