រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អនុញ្ញាតជូន អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Vladanka Andreeva ក្នុងឱកសារដែលលោកស្រី ទទួលបានភារៈកិច្ចថ្មី ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីនិងប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន៥ ដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ នៅតំបន់ជនបទ។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់លោករដ្ឋមន្ត្រីរួចមក លោកស្រី Vladanka Andreeva បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍លោកស្រី និងសហការី យ៉ាងកក់ក្តៅនាពេលនេះ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជា ជាលើកទី២។

លោកស្រី បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ តាមរយៈប្រសាសន៍របស់លោករដ្ឋមន្ត្រី លោកស្រីក៏បានលើកឡើងអំពីជំហរ របស់អង្គការសហប្រជាជាតិ និងភ្នាក់ងាររបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs។

មុននិងបញ្ចប់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះលោកស្រី Vladanka Andreeva និងសហការីដែលបានបង្ហាញ អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ជាជនបទប្រកបដោយភាពស៊ីវីល័យ៕
