ក្រុមឆបោក តាមអនឡាញ កំពុងផ្លាស់ប្តូរទីតាំង ទៅនៅតាម អាផាតមិនប្រណីតៗ និងបរិវេណវីឡា ដែលមានរបងព័ទ្ធនៅទីក្រុងហាណូយ ក្រោយការបង្ក្រាបនៅកម្ពុជា
បរទេស៖ ក្រុមឆបោកតាមអនឡាញ ដែលត្រូវបានបោសសម្អាត ចេញពីប្រទេសកម្ពុជា និងកន្លែងលាក់ខ្លួន ក្នុងតំបន់ផ្សេងទៀត គឺកំពុងផ្លាស់ប្តូរប្រតិបត្តិការ របស់ពួកគេចូលទៅប្រទេសវៀតណាម ដោយប្រើប្រាស់អាផាតមិនប្រណីត និងបរិវេណវីឡា ដែលមានរបងព័ទ្ធ នៅទីក្រុងហាណូយជាមូលដ្ឋានថ្មី ដើម្បីដំណើរការការឆបោក តាមអ៊ីនធឺណិត ដែលកំណត់គោលដៅលើជនរងគ្រោះ ទូទាំងទ្វីបអាស៊ី , នេះបើតាមការឲ្យដឹង របស់នាយកដ្ឋានសន្តិសុខ សាធារណៈទីក្រុងហាណូយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ក្នុងរយៈពេលបីខែរវាងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ នាយកដ្ឋានសន្តិសុខ របស់វៀតណាម គឺបានកំណត់អត្តសញ្ញាណ ករណីដាច់ដោយឡែកចំនួន បីដែលពាក់ព័ន្ធនឹងជនបរទេសចំនួន ៥៨ នាក់ដែលត្រូវបានសង្ស័យថា បានដំណើរការការ ឆបោកតាមអ៊ីនធឺណិត រៀបចំល្បែងស៊ីសងតាមអ៊ីនធឺណិត ឬចូលប្រទេសវៀតណាមដោយខុសច្បាប់ ដែលជាការកើនឡើងយ៉ាងខ្លាំងដែលប៉ូលិសនិយាយថា ឆ្លុះបញ្ចាំងពីគំរូនៃការផ្លាស់ទីលំនៅក្នុងតំបន់ ខណៈការបង្ក្រាបនៅក្នុងប្រទេសកម្ពុជា ថៃ និងហ្វីលីពីន បានរំខានដល់សេដ្ឋកិច្ច នៃការឆបោកដែលបាន រីកចម្រើនតាមដងទន្លេមេគង្គក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
គំរូនេះគឺស្របគ្នានៅទូទាំងករណី ។ មេខ្លោងដែលមានមូលដ្ឋាន នៅបរទេសដឹកនាំសហការី ក្នុងស្រុកឲ្យសហការជាមួយអ្នក សមគំនិតនៅវៀតណាម ជួលអង្គភាពក្នុងអគារទំនើបៗ ពីជនបរទេសដែលទាក់ទាញ ការចាប់អារម្មណ៍តិចតួច និងដាក់ជនបរទេសម្នាក់ជាអ្នកគ្រប់គ្រងនៅនឹងកន្លែង។
សមាជិកបន្ថែមត្រូវ បាននាំចូលទៅក្នុងប្រទេសវៀតណាម ដោយប្រើទិដ្ឋាការទេសចរណ៍ ។ ប៉ូលីសបាននិយាយថា កោសិកាទាំងនោះដំណើរការជាក្រុមតូចៗ ដែលបែកខ្ញែកគ្នា និងប្តូរទីតាំង ដើម្បីជៀសវាងការរកឃើញ។ អ្នកខ្លះបង្កើតប្រតិបត្តិការ របស់ពួកគេជាមួយក្រុមហ៊ុនមូលបត្រ អន្តរជាតិក្លែងក្លាយ ហើយពួកគេមានចេតនា បញ្ចៀសការ កំណត់គោលដៅលើជនជាតិ វៀតណាម ដែលជាចលនាដែលបានគ្រោងទុក ដើម្បីនៅឱ្យឆ្ងាយ ពីយុត្តាធិការ ព្រហ្មទណ្ឌរបស់វៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា
