ព័ត៌មានជាតិ

ទិវាពលកម្មអន្តរជាតិ លើកទី១៤០ ៖ សហជីពពេញចិត្ត ការផ្ដល់ពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ”

ភ្នំពេញ៖ សហជីពនៅកម្ពុជា បានអបអរ​សាទរ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែល​ជា​មធ្យោ​បាយគន្លឹះ​ក្នុងការរក្សា​កំណើន​ការងារ និង​ផលិតភាពខ្ពស់​ជូនកម្មករ​និយោជិត និង​រោងចក្រ​សហគ្រាស ដែលជា​សារដ៏​សំខាន់​ក្នុង​ស្មារតី​នៃ​ទិវា​ពលកម្មអន្តរជាតិ​នៅថ្ងៃទី១ ខែឧស​ភា។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានថ្លែងថា « ខ្ញុំមានការពេញចិត្ត​យ៉ាងខ្លាំងនៃ​ការផ្ដល់នូវ​ពានរង្វាន់​សហ​គ្រាស​មួយ​ជា​​សហគមន៍​សុខសាន្ដ​មួយ ព្រោះកម្មវិធីនេះបាន​ជួយលើកកម្ពស់​នូវសិទិ្ធ និង​លក្ខខណ្ឌកា​រងារឲ្យកាន់​តែ​ប្រ​សើរ ស្របទៅនឹង​ការខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលដែលកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើវិស័យការងារ»។

លោកបន្ថែមថា ការប្រ​ឡងប្រជែង និងការផ្ដល់ពានរង្វាន់នេះ គឺបានជួយឱ្យសហគ្រាស នោះក្លាយជាសហគមន៍សុខសាន្តយ៉ាងពិតប្រាកដ ដែល​នាំ​មក​នូវផាសុខភាព សុវត្ថិភាព និងជួយបង្ការហានិភ័យនៅកន្លែងការងារ។ ជាមួយគ្នានេះ ការចូលរួមរបស់រោងចក្រ សហគ្រាស និងការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល គឺអាចជួយបង្កើននូវស្តង់ដារការងារ និងបង្កើននូវអនុ​លោ​មភាព​ច្បាប់ស្ដីពី​ការងារ និងបទដ្ឋានការ​ងារ​ជាតិ និង​អន្ត​រជាតិឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ចំណែក លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) បានលើកឡើងថា « ក្នុងនាមខ្ញុំជាតំណាងសហជីព និង​កម្ម​ករ​​នៅ​កម្ពុជា ខ្ញុំមានអារម្មណ៍ថារំភើប និងសប្បាយរីករាយខ្លាំង ចំពោះការផ្ដល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ដែល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ា​ណែត នាយករ​ដ្ឋមន្រ្ដី តាមរយៈក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ក្រោម​ការដឹក​នាំរបស់​ឯក​ឧ​ត្ត​មរដ្ឋ​មន្រ្តី ហេង សួរ »។

ក្រោយចប់​កម្មវិធីផ្ដ​ល់ពានរង្វាន់នេះ លោក ហង្ស រ៉ាវី បានកត់សម្គាល់ឃើងថា ពានរង្វា​ន់សហគ្រាសមួយ​ជាសហ​គមន៍សុខ​សាន្ត​មួយ សម្រាប់​ឆ្នាំ ២០២៦នេះ មានការកើន​ឡើង ដោយ​មាន​រោងចក្រ សហគ្រាស​ដែលបា​នដាក់ពាក្យប្រឡង​ប្រជែង ហើយទទួល​បាននូវពាន​រង្វាន់​នេះ​គឺ ៥៥ រោង​ចក្រ សហ​គ្រាស ប៉ុន្ដែ​ប្រសិន​បើក្រ​ឡេក​មើល​ទៅឆ្នាំ ២០២៥ ដូចជា​មានការទទួលបានប្រមាណជា ៣៤ រោងចក្រសហ​គ្រាសតែប៉ុណ្ណោះ។

បើតាម​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា នៅក្នុងឆាំទីពី​រនៃការអនុវត្ដក​ម្មវិធីនេះ មានរោ​ងចក្រសហ​គ្រាស​ចំនួន ៥៥ ត្រូវ​បាន​គណៈ​កម្ម​ការវាយ​តម្លៃ និងជ្រើស​រើសឱ្យ​ទទួល​ពាន​រង្វាន់ “សហគ្រាស​មួយ​ជាសហគម​ន៍សុខ​សាន្ត​មួយ” ប្រចាំ​ឆ្នាំ​២០២៦។

សហគ្រាសចំនួន ៥៥ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦នោះរួមមាន សហគ្រាស​ផ្នែកកាត់​ដេរ​សម្លៀក​បំពាក់​ចំនួន ២៩, ផ្នែកផលិ​តស្បែកជើងចំនួន៤, ផ្នែកផលិ​តផលិតផលធ្វើ ដំណើរនិងកាបូបចំនួន២, ផ្នែកកម្មន្ដសាលផ្សេងទៀតចំនួន ៤, ផ្នែកផលិតកម្មឈើ ក្រដាស ផលិតផលពាក់ព័ន្ធ និងបោះពុម្ភចំនួន២, ផ្នែកផលិត​កម្មផលិតផលគ្រឿងអគ្គិសនីចំនួន ១, ផ្នែកផលិរកម្មភេសជ្ជៈ និងផលិតផល​ពីថ្នាំជក់ចំនួន១, ផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងចំនួន ១, ផ្នែកលក់ដុំ និងរាយចំនួន ១, ផ្នែកសេវាកម្មចំនួន២, ផ្នែកសេវា​កម្ម​ស្នាក់​នៅ និងអាហារ​ចំនួន២ និងផ្នែកហិ​រញ្ញវត្ថុ និង​ធានា​រ៉ាប់​រងចំនួន ៦។

ពានរង្វាន់ត្រូវបានបែងចែកជា ៣ប្រភេទដូច​ជា ពានមាស ផ្តល់ជូន​សហគ្រាសចំនួន ២៧សហ​គ្រាស ដែល​នឹងត្រូវ​ទទួល​បានការ​លើក​លែង​ការចុះ​អធិ​ការ​កិច្ចការ​ងារសាមញ្ញ​រយៈ​ពេល ៣ឆ្នាំ ក្នុង​ករណីមិន​មាន​បណ្ដឹង។ ពាន​ប្រាក់ ផ្តល់​ជូនសហគ្រាសចំនួន ១៨សហ​គ្រាស ដែលនឹង​ត្រូវទទួល​បាន​ការ លើក​លែង​ការចុះ​អធិការ​កិច្ចការងា​រសាមញ្ញ​រយៈពេល ២ឆ្នាំ ក្នុង​ករណីមិនមា​នបណ្ដឹង។

ចំណែកពានសំរឹទ្ធ ផ្តល់ជូនសហគ្រា​សចំនួន ១០សហគ្រាស ដែលនឹង​ត្រូវទទួលបាន​ការលើក​លែងការចុះ​អធិការកិច្ចកា​រងារសាម​ញ្ញរយៈ​ពេល ១ឆ្នាំ ក្នុង​ករណី​មិន​មា​ន​បណ្ដឹង។

សូមជម្រាបថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺផ្ដួចផ្ដើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នា​យ​ករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអំឡុង​ពេលចុះ​ជួបសំ​ណេះ​សំណាល​ជាមួយបងប្អូន​កម្មករនិយោជិតកាលពីឆ្នាំ ២០២៣នាពេ​លកន្លងទៅ៕

To Top