ភ្នំពេញ ៖ ជំនួបត្រីភាគីរវាងកម្ពុជា មេដឹកនាំហ្វីលីពីន កម្ពុជា និងថៃ ក្នុងទឹកដីទីក្រុងសេប៊ូ នៃប្រទេសហ្វីលីពីន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រ នយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញការយល់ឃើញថា អាចជាសញ្ញាវិជ្ជមានដ៏ល្អ សម្រាប់ភាគីកម្ពុជា-ថៃ ក្នុងការឈានឆ្ពោះទៅរកដំណោះស្រាយ លើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយជាងមួយឆ្នាំ ។

កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីអញ្ជើញដល់ហ្វីលីពីនតែប៉ុន្មានម៉ោង សម្រាប់រួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏មានកិច្ចជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលមានការចូលរួម ពីសំណាក់លោក Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ ។ ក្រោយបញ្ចប់កិច្ចជំនួប ភាគីទាំង៣ ក៏បានធ្វើសន្និសីទ សារព័ត៌មានរួម ស្តីពីលទ្ធផលនៃជំនួប ។
ក្នុងសន្និសីទភាគីទាំង៣ សុទ្ធតែបានបង្ហាញពីចំណុចវិជ្ជមានល្អៗ សម្រាប់ជាដំណោះស្រាយ នៃជម្លោះព្រំដែនកម្ពុជា-ថៃ។

សម្រាប់លទ្ធផលនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ពិតជាចំណុចល្អ សម្រាប់ប្រជាពលរដ្ឋដែលស្រឡាញ់សន្តិភាព ដែលជំនួបរវាងភាគីទាំង៣ត្រូវបានរៀបចំឡើង។

លោកបញ្ជាក់ថា “ខ្ញុំយល់ឃើញថា ជំនួបនេះ ពិតជាមានសារៈសំខាន់ សម្រាប់វឌ្ឍនភាព នៃការដោះស្រាយនូវអ្វីដែលថៃ បានធ្វើបំពានឈ្លានពានមកលើកម្ពុជា ហើយដែលយើងអាចអង្គុយតុចរចា ក្នុងកមិ្រតកំពូលជាមួយគ្នា នៅក្នុងវេទិកាអាស៊ាន ដែលនេះជាអ្វី ដែលយើងជាអ្នកតាមដាន យើងជាប្រជាពលរដ្ឋដែលតែងតែស្រឡាញ់សន្តិភាព ដែលតែងតែគោរពច្បាប់អន្តរជាតិយើងចង់បាន”។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានសង្កេតឃើញពីតួនាទី របស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានប្តូរវេន ពីម៉ាឡេស៊ីមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមចំណែកសម្របសម្រួលជម្លោះ រវាងកម្ពុជា-ថៃ ។ លោកបន្តថា ចំណែកសម្តេចធិបតីវិញ បានលើកឡើងពីគោលជំហរឥតងាករេ របស់កម្ពុជាតាមយន្តការអន្តរជាតិ លើការស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ។ សម្រាប់ លោក អានុទីន ឆានវីរៈគុល ក៏បានបង្ហាញពីចេតនា ក្នុងកិច្ចសន្ទនាជាមួយកម្ពុជា ឆ្ពោះទៅរកដំណោះស្រាយផងដែរ ៕



