បរទេស៖ ក្រុមហ៊ុន ហ្វេសប៊ុក និងបណ្តាញសង្គម Instagram បានចូលរួមជាមួយ ធ្វីតទ័រ ក្នុងការដកហូតវីដេអូ សម្តែងការគោរព ចំពោះលោក George Floyd ដែលត្រូវបានបង្ហោះ ដោយក្រុមយុទ្ធសាស្រ្ត បោះឆ្នោតឡើងវិញ របស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃសុក្រ ដោយដកស្រង់ពាក្យបណ្តឹង អំពីការរក្សាកម្មសិទ្ធិបញ្ញា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់អ្នកនាំពាក្យ ហ្វេសប៊ុកលោក Andy Stone ថា“ យើងទទួលបានបណ្តឹង អំពីការរក្សាសិទ្ធិ ពីអ្នកបង្កើតក្រោមច្បាប់ រក្សាសិទ្ធិឌីជីថល Digital Millennium ហើយបានដក ការបង្ហោះនេះចេញ” ។ “ អង្គការដែលប្រើសិល្បៈដើម ដែលចែករំលែក នៅលើ Instagram ត្រូវបានគេរំពឹងថា នឹងមានសិទ្ធិធ្វើដូច្នេះ” ។
យោងតាម POLITICO បានឱ្យដឹងថា បណ្តឹងអំពីការរក្សាសិទ្ធិ លើវីដេអូនេះ ត្រូវបានក្រុមហ៊ុនច្បាប់ នៅ Burbank រដ្ឋកាលីហ្វ័រញ៉ាបញ្ជូនទៅ Twitter, Facebook, Instagram ។ ក្រុមហ៊ុន បាននិយាយថា វីដេអូដែលរំលោភ លើសម្ភារៈពីសិល្បករ ដែលខ្លួនជាតំណាងឱ្យ។
សូមជម្រាបថា នៅក្នុងវីដេអូរយៈពេល ៤ នាទី លោកប្រធានាធិបតី បានពិពណ៌នា អំពីមរណភាពរបស់ Floyd ថាជា“ សោកនាដកម្មដ៏ធ្ងន់ធ្ងរ” ខណៈពេលដែលអះអាងថា “ អំពើហឹង្សា និងភាពអនាធិបតេយ្យ” ដែលបានឃើញ នៅក្នុងការតវ៉ា ដែលបណ្តាលមកពីឧប្បត្តិ ហេតុនេះត្រូវបានធ្វើឡើង ដោយក្រុមឆ្វេងនិយមរ៉ាឌីកាល់៕
ប្រែសម្រួលៈ ណៃ តុលា