ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះបន្តទៀត បន្ទាប់ពីលោក ដូណាល់ ត្រាំ ថា អាមេរិកនឹងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ឱ្យបានឆាប់រហ័ស 

បរទេស៖ នៅថ្ងៃពុធ តម្លៃប្រេងបានធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងម្តងទៀតថា សង្គ្រាមជាមួយអ៊ីរ៉ង់ នឹងបញ្ចប់ “យ៉ាងឆាប់រហ័ស” ទោះបីជាវិនិយោគិន នៅតែមានការប្រុង ប្រយ័ត្នអំពីលទ្ធផលនៃការចរចាសន្តិភាព ចំពេលមានការរំខានជាបន្តបន្ទាប់ដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាពីជម្លោះក៏ដោយ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ៤៥ សេន ឬ ០,៤% មកនៅត្រឹម ១១០,៨៣ ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៧ សេន ឬ ០,៣% មកនៅត្រឹម ១០៣,៨៨ ដុល្លារ។
 
តម្លៃស្តង់ដារនៃប្រេងទាំងពីរបានធ្លាក់ចុះជិត ១ ដុល្លារនៅថ្ងៃអង្គារ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានវឌ្ឍនភាពក្នុងការចរចា ដោយភាគីទាំងពីរមិនចង់ ឃើញការបន្តសកម្មភាពយោធាឡើងវិញនោះទេ។
 
លោក Toshitaka Tazawa អ្នកវិភាគនៅ Fujitomi Securities បាននិយាយថា “វិនិយោគិនចង់វាយតម្លៃថា​ តើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ពិតជាអាចស្វែងរកមូលដ្ឋានរួម និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពដែរឬទេ ដោយជំហររបស់សហរដ្ឋអាមេរិកផ្លាស់ប្តូរជារៀងរាល់ថ្ងៃ”។
 
លោក​បាន​មានប្រសាសន៍​ថា​៖ «តម្លៃ​ប្រេង​ទំនង​ជា​នៅ​តែ​ខ្ពស់​ដោយសារ​លទ្ធភាព​នៃ​ការ​វាយប្រហារ​ឡើងវិញ​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់ និង​ការ​រំពឹង​ថា​ទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​សម្រេច​ក៏ដោយ ការផ្គត់ផ្គង់​ប្រេងឆៅ​នឹង​មិន​វិល​ត្រឡប់​ទៅ​កម្រិត​មុន​សង្គ្រាម​វិញ​បាន​ឆាប់​រហ័ស​នោះ​ទេ»៕
 ប្រែសម្រួលៈ ណៃ តុលា

To Top