សម្តេចធិបតី ៖ គ្មានពន្ធដារស្រុកណា ស្រួលដូចពន្ធដារកម្ពុជានោះទេ ដែលអាចជជែកយោគយល់បាន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពលើការលើកឡើងរបស់ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដែលថា គ្មានពន្ធដារស្រុកណា ស្រួលដូចពន្ធដារកម្ពុជានោះទេ ដែលអាចជជែកគ្នាយោគយល់បាន ។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ចង់ឱ្យមានការកែប្រែក្លាយផ្នត់គំនិត កុំឱ្យគិតថា អ្នកបង់ពន្ធ គឺអ្នកជាប់ទោស ឬជាអ្នកមានកំហុស ហើយពន្ធដារគឺជាអ្នកចាប់កំហុស បន្តទៅទៀត ។ ក្នុងន័យនេះសម្តេច ចង់ឱ្យមានទំនុកទុកចិត្ត រវាងគ្នាទៅវិញទៅមក ខណៈការបង់ពន្ធ គឺជាកាតព្វកិច្ចរៀងៗខ្លួន អ្នកដែលបង់ពន្ធ បង់ចូលមក ដើម្បីរដ្ឋយកមកកសាងធនធាន កសាងហេដ្ឋារចនាសម្ព័ន្ធសង្គមបន្ថែមទៀត ដែលដូចទៅនឹងការចូលរួមកសាងជាតិ ។
ក្នុងនោះ សម្តេចធិបតី បានអះអាងថា បើសិនជាកម្ពុជា មិនមានការបង្កើតប្រមូលពន្ធទេ ហើយនៅពឹងចំណូលពីខាងក្រៅ ឬពីជំនួយនោះ គឺមិនកើតនោះទេ ត្រូវតែផ្ទៃក្នុងម្ចាស់ការខ្លួនឯង ហើយរដ្ឋយកទៅវិនិយោគលើផ្លូវ លើហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការរៀបចំឱ្យពន្ធដារ និងគយ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងប្រសិទ្ធផល ធ្វើយ៉ាងណាជួយនៅក្នុងប្រព័ន្ធប្រមូលពន្ធនេះ ដែលអតិថិជន អ្នកបង់ពន្ធ អាចងាយស្រួល និងទុកចិត្តបាន មន្ត្រីពន្ធករ ក៏មិនលំបាក ។ ចឹងពេលដែលយើងឈប់និយាយពីរឿងបាប យើងនិយាយពីកាតព្វកិច្ច យល់គ្នាទៅវិញទៅមក ពេលនឹងវាស្រួល ។ ខ្ញុំជឿ និងឯកភាព ជាមួយឯកឧត្តម គង់ វិបុល ថា គ្មានពន្ធដារស្រុកណា ស្រួលដូចពន្ធដារកម្ពុជានោះទេ ដែលអាចជជែកគ្នាយោគយល់បាន ខ្ញុំរស់នៅអាមេរិកហើយ តឹងណាស់” ។
សម្តេចធិបតី ក៏បានរំលឹកអំពីសហរដ្ឋអាមេរិក ក្នុងពេលដែលសម្តេចរស់នៅសិក្សានៅទីនោះ បានឃើញថា ការយោគយល់លើរឿងពន្ធដារនៅទីនោះ អាស្រ័យតាមច្បាប់តែប៉ុណ្ណោះ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ការយោគយល់ ជាដំណាក់កាលអន្តរកាល ដល់ពេលមួយគឺគ្រប់គ្នា ទាំងអ្នកបង់ពន្ធ ទាំងមន្ត្រីពន្ធដារ យល់ដូចគ្នា កាតព្វកិច្ច និងការទទួលខុសត្រូវ ការយោគយល់តិច ទៅតាមគោលការស្មើគ្នាច្រើន៕
