រដ្ឋមន្រ្តីសុខាភិបាល ៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តប្រយុទ្ធប្រឆាំង ជំងឺអេដស៍ របេង និងគ្រុនចាញ់
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តវិនិយោគ សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងនឹងអេដស៍ របេង និងគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍

ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលយ៉ាងនេះ ក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Sylwia Murray អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ (Fund Portfolio Manager) និនៅទីស្នាក់ការ Global Fund ទីក្រុងហ្សឺណេវ។
ជំនួបនេះ មានគោលបំណង ពិនិត្យវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា ដោយផ្តោតលើការពិភាក្សា អំពីបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងស្វែងរកយុទ្ធសាស្ត្រប្រកបដោយចីរភាព ដើម្បីធានាថា កម្ពុជាអាចបន្តរក្សាបាននូវសមិទ្ធផល និងឈានទៅលុបបំបាត់ជំងឺទាំងបីនេះឱ្យបានពេញលេញ ។

សាស្ត្រាចារ្យរដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះអង្គការ The Global Fund ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាកើត និងស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន។

សាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តវិនិយោគសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺទាំងបីនេះ ស្របតាមយុទ្ធសាស្ត្ររបស់ The Global Fund ហើយដែលការបន្តគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាពរបស់ The Global Fund និងដៃគូអភិវឌ្ឍន៍ពហុភាគីនឹងធានាបានការរក្សាប្រសិទ្ធិភាពយូរអង្វែង និងចីរភាពនៃប្រពន្ធ័ភាពធនសុខាភិបាល។

ជាការឆ្លើយតប លោកស្រី Sylwia Murray បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានចាត់ទុកថា ជាប្រទេសគំរូមួយក្នុងការគ្រប់គ្រងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកល។ លោកស្រីបានលើកឡើងថា The Global Fund កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន ជាសកល ប៉ុន្តែបានបញ្ជាក់ថា The Global Fund នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយបច្ចេកទេស ដើម្បីពង្រឹងប្រព័ន្ធឃ្លាំមើល និង ការឆ្លើយតប ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ថ្មីៗ ការគាំទ្រក្នុងការពង្រឹង ប្រព័ន្ធសុខាភិបាលសហគមន៍ ៕







