ព័ត៌មានជាតិ

អគ្គនាយក ARDB​ បន្តចុះផ្សព្វផ្សាយ គោលការណ៍ និងនីតិវិធីឥណទាន ក្រោមគម្រោង​ ហិរញ្ញប្បទានពិសេស រាជរដ្ឋាភិបាល ៥០លានដុល្លារ ដល់ពលរដ្ឋ ខេត្តស្តឹងត្រែង

ស្ទឹងត្រែង៖ ដោយទទួលបាន ការសម្របម្រួលការងារ​ ពីរដ្ឋបាលសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោង​ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្ម សិប្បកម្ម ធ្វើវារីវប្បកម្ម ក្រុមផលិត សហគមន៍កសិកម្ម សរុបម្រមាណ ៣០០នាក់ នាខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្រុក និងប្រធានមន្ទីពាក់ព័ន្ធ អមជំវិញខេត្តផងដែរ ។

ក្រោយ ការ ស្វាគមន៍ ពីសំណាក់លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួចមក លោក កៅ ថាច បានធ្វើការជម្រាបជូន​ ដល់បងប្អូនប្រជាពលរដ្ឋ នៅកិច្ចការមួយចំនួនរួមមាន៖

-អំពីតួនាទី និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
-អំពីស្ថានភាពសេដ្ឋកិច្ច និងផលប៉ះពាល់មួយចំនួន​ ដោយសារការរាតត្បាតជំងឺ កូវីត ១៩ និងបញ្ហា EBA ដែលកំពុងកើតមាន នៅលើពិភពលោក និងនៅប្រទេសកម្ពុជា

-អំពីមូលហេតុ និងដើមហេតុ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទំលាក់ កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទាន ជូនដល់ដល់បងប្អូន ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើត ការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិត ក្នុងស្រុក សម្រាប់ជំរុញ ទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA

-អំពីគោលការណ៍ឥណទាន និងនិតីវិធី ដើម្បីទទួលបានឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ។

ជាមួយគ្នានេះ លោក កៅ ថាច ក៏បានធ្វើការចែករំលែក នូវបទពិសោធន៍ល្អៗមួយចំនួន អំពីបច្ចេកទេស នៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀប អំពីភាពជឿនលឿន នៃវិស័យកសិកម្ម នៅបណ្តាលប្រទេសមួយចំនួន ដែលលោក ធ្លាប់បានទៅទស្សនៈកិច្ចសិក្សា នាពេលកន្លងមក​ជូនដល់បងប្អូនអោយបានជ្រាប។

អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរ​ ដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួមកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះ នឹងរួមចំណែកដោះស្រាយ លើបញ្ហាទីផ្សារ ដែលជាកង្វល់របស់បងប្អូន កសិករផងដែរ។

ចុងបញ្ចប់ លោក កៅ ថាច បានអនុញ្ញាតអោយបងប្អូន​ ឡើងសួរសំនួរ ផ្សេងៗពាក់ព័ន្ធនឹងនីតិវិធី ដើម្បីទទួលបានឥណទាន លើបញ្ហាទីផ្សារ បច្ចេកទេសដាំដុះជាដើម ហើយលោក ក៏បានឆ្លើយតប និងពន្យល់នូវចម្ងល់ របស់បងប្អូន ដោយផុសផុល ប្រកបដោយភាពស្និទ្ធស្នាល៕

To Top