ព័ត៌មានជាតិ

ទំនើបកម្មកម្ពុជា នឹងត្រូវឆ្លងតេស្តសាកល្បងបន្ទាប់ មិនមែនត្រឹមតែ ទំនើបកម្មលើផ្លូវថ្នល់ឬវិស័យរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថាតើកម្ពុជាអាចគ្រប់គ្រង ហានិភ័យ នាពេលខាងមុខ ដោយរបៀបណា

កាលណាគេ និយាយអំពីការអភិវឌ្ឍកម្ពុជា ភាគច្រើនគេសំដៅលើកំណើនសេដ្ឋកិច្ច ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគពីបរទេសប៉ុណ្ណោះ។ ចំណុចទាំងនេះគឺពិតជាសូចនាករសំខាន់ៗ ដើម្បីវាស់វែងការអភិវឌ្ឍ លើវិស័យធំៗដ៏ចាំបាច់ ក៏ប៉ុន្តែប្រសិនបើកម្ពុជាប្តេជ្ញាចិត្ត ពិតប្រាកដ ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងកេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិមែននោះ កម្ពុជាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំង បន្ថែមទៀតលើបញ្ហាប្រព័ន្ធ ដែលមើលទៅមិនសូវលេចធ្លោ តែមានឥទ្ធិពលខ្លាំងលើទំនុកចិត្តសាធារណៈ ក្នុងនោះរួមមានដូចជា បញ្ហានៅក្នុងប្រព័ន្ធ បទប្បញ្ញត្តិសុខាភិបាល ស្តង់ដារមន្ទីរពិសោធន៍ និង បញ្ហាសុខុមាលភាពសត្វជាដើម។

បញ្ហាមួយក្នុងចំណោមនោះ គឺការប្រើប្រាស់សត្វស្វា ដើម្បីយកទៅធ្វើការស្រាវជ្រាវ (ការពិសោធ) ឬយកទៅជួញ ដូរ។ បញ្ហានេះអាចមើលទៅពុំមែនធំដំ ក៏ពិតមែនតែវាមានសារសំខាន់ សម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនដើម្បីអភិវឌ្ឍវិស័យសុខភាពសាធារណៈ បង្កើនកិត្តិសព្ទ ក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រទេសដ៏យូរអង្វែង។ នៅពេលសត្វស្វា ត្រូវបានបង្កាត់ពូជ ឃុំឃាំងជួញដូរខុសច្បាប់ និងយកទៅប្រើប្រាស់ ក្នុងមន្ទីពិសោធន៍ដោយមិនមាន ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ហ្មត់ចត់ទេនោះ ហានិភ័យនឹងកើតឡើង មិនមែនត្រឹមតែក្នុងរង្វង់ បរិវេណមន្ទីរពិសោធន៍ស្រាវជ្រាវនោះទេ បញ្ហានេះអាចរាលដាលសាយភាយ ទៅកាន់ប្រព័ន្ធអេកូឡូស៊ី ដែលពាក់ព័ន្ធនឹងបុគ្គលិក ប៉ះពាល់ស្ថាប័ន និងសហគមន៍ដែលនៅជុំវិញ។ ដូច្នេះហើយ បញ្ហាពាក់ព័ន្ធនឹងសត្វស្វាមិនគួរ ចាត់ទុកថា ជាបញ្ហាសុខុមាលភាព របស់សត្វតិចតួចប៉ុណ្ណោះទេ តែវាជាបញ្ហា អភិបាលកិច្ចសុទ្ធសាធ។

បញ្ហាក្នុងការអភិវឌ្ឍ មិនមែនគ្រាន់តែជាបញ្ហា ក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ របៀបវារៈអភិវឌ្ឍន៍បច្ចុប្បន្នរបស់កម្ពុជា ផ្តោតសំខាន់ខ្លាំងលើការ អភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាពប្រកួតប្រជែង ការធ្វើបរិវត្តកម្មឌីជីថល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ រាជរដ្ឋាភិបាល បានលើកឡើង ជាញឹកញាប់ថា វឌ្ឍនភាពជាតិគឺពឹងផ្អែកលើគុណភាពស្ថាប័ន ភាពរឹងមាំនៃវិស័យឯកជន និងសមត្ថភាពពង្រីកតម្លៃសង្វាក់ផលិតកម្មឱ្យខ្លាំងជាងមុន។ ក្នុងបរិបទនេះ កម្សោយនៃប្រព័ន្ធគ្រប់គ្រងដ៏មានប្រសិទ្ធភាពគ្រប់គ្រាន់លើការស្រាវជ្រាវ និងការដឹកជញ្ជូនសត្វ មិនមែនគ្រាន់តែជាចំណុចខ្សោយក្នុងបញ្ហាបច្ចេកទេសមួយប៉ុណ្ណោះទេ វាគឺជាសញ្ញាឆ្លុះបញ្ចាំងបញ្ហាសមត្ថភាពបញ្ញត្តិច្បាប់ និងបញ្ហាកង្វះការត្រួតពិនិត្យរបស់ស្ថាប័នពាក់ព័ន្ធគឺមិនទាន់អាចឱ្យទាន់ស្របតាមកម្រិត ទៅតាមមហិច្ឆតាអភិវឌ្ឍន៍ប្រទេសនៅឡើយទេ។

ក្តីបារម្ភនេះមិនមែនជារឿងទ្រឹស្តី ដែលគ្មានមូលដ្ឋាននោះទេ។ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ អង្គការផីតា(PETA) បានចេញរបាយការណ៍ថ្មីមួយ បង្ហាញថាជំងឺស៊ីងហ្គីឡា (Shigella) ដែលជាជម្ងឺឆ្លងដែលសុំានឹងថ្នាំ វាចម្លងតាមលាមក។ គេរកឃើញថា មានតែមនុស្ស និងសត្វស្វាប៉ុណ្ណោះ គឺជាភ្នាក់ងារចម្លងនូវមេរោគនេះ ។ ជម្ងឺនេះកំពុងរីករាលដាលយ៉ាងខ្លាំង ហើយជាញឹកញាប់មិនត្រូវបាន រាយការណ៍ ឬរាយការណ៍មិនបានគ្រប់គ្រាន់នៅក្នុង មន្ទីពិសោធន៍សត្វស្វា នៅសហរដ្ឋអាមេរិក។ ការរកឃើញនេះ បង្កើតក្តីបារម្ភយ៉ាងខ្លាំង នៅក្នុងវិស័យសុខភាពសាធារណៈ ព្រោះតែស្វាដែលបានឆ្លងជំងឺ ត្រូវបានដឹកជញ្ជូន រត់ពន្ធតាមរយៈឈ្មួញ បង្ខាំងទុកនៅកន្លែងបង្កាត់ពូជ នៅតាមមន្ទីរពិសោធន៍ ឬ សាកលវិទ្យាល័យនានាទូទាំងប្រទេស។ តាមរបាយការណ៍ របស់អង្គការផីតា(PETA)ដដែលបានឱ្យដឹងថា សត្វស្វាអាចបង្កជំងឺរាគ ដែលសុំានឹងថ្នាំ បង្កជំងឺរបេង និងជម្ងឺឆ្លងផ្សេងៗទៀត ដោយសារទីតាំងបង្កាត់ពូជ មានភាពណែនចង្អៀតគ្មានស្តង់ដារត្រឹមត្រូវ។ នេះមិនមែនជាបញ្ហាសុខភាព ត្រឹមតែសត្វប៉ុណ្ណោះទេ ប៉ុន្តែនេះជាហានិភ័យដ៏ធំ នៅក្នុងផ្នែកសន្តិសុខជីវសាស្ត្រ ដែលប៉ះពាល់ដល់បុគ្គលិក មន្ទីរពិសោធន៍ និង ប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសក្នុងវិស័យនេះទាំងមូល។ សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងស្វែងរកការវិនិយោគ ប្រកបដោយគុណភាពខ្ពស់ និងការធ្វើសមាហរណកម្មអន្តរជាតិ កាន់តែរឹងមាំ បញ្ហានេះមានសារសំខាន់ មិនអាចមើលរំលងបាននោះទេ។ អ្នកវិនិយោគិន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍មិនមែនមើលត្រឹមតែអត្ថប្រយោជន៍ផ្នែកពន្ធដារ ឬថ្លៃពលកម្មទាបប៉ុណ្ណោះទេ។ ពួកគេក៏ពិនិត្យមើលថាតើប្រទេសមួយនេះ មានសមត្ថភាពអនុវត្តស្តង់ដារ មូលដ្ឋាន និងអាចគ្រប់គ្រងហានិភ័យ ប្រកបដោយភាពជឿជាក់ បានដែរឬទេ។

ហេតុអ្វីបានជា បញ្ហានេះមានសារៈសំខាន់ ចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជា

កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួន ជាប្រទេសដែលបើកចំហ ឱ្យមានកិច្ចសហប្រតិបត្តិការរួម ជាមួយដៃគូសំខាន់ៗ ដែលមានដូចជាមហាមិត្តចិន ការទាក់ទាញគម្រោងវិនិយោគនានា ដែលពាក់ព័ន្ធនឹងទំនើបកម្មវិស័យឧស្សាហកម្ម ភស្តុភារ និងការអភិវឌ្ឍ វិស័យឌីជីថល។ ទន្ទឹមនឹងនេះ បរិយាកាសសារព័ត៌មាន និងគោលនយោបាយ របស់ប្រទេសក៏កំពុងសម្រិតសម្រាំង តាមរយៈកិច្ចពិភាក្សាឱ្យមានតម្លាភាព និងកំពុងធ្វើការទប់ស្កាត់ព័ត៌មាន ចចាមអារ៉ាម (ព័ត៍មានក្លែងក្លាយ) លើបណ្តាញសង្គមគឺធ្វើយ៉ាងណា ឱ្យសាធារណជន ទទួលបានព័ត៌មាន ដែលមានលក្ខណៈត្រឹមត្រូវ ផ្ទៀងផ្ទាត់ មានប្រភពច្បាស់លាស់។

ក្នុងបរិបទនេះ បញ្ហាប្រព័ន្ធណាមួយ ដែលអនុញ្ញាតឱ្យសត្វមានជំងឺ ឬសត្វដែលមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ឱ្យធ្វើចរាចរតាមបណ្តាញ មន្ទីស្រាវជ្រាវឬជួញដូរ អាចបង្កបញ្ហាដល់កេរ្តិ៍ឈ្មោះប្រទេសទាំងមូល គឺមិនត្រឹមតែបង្កបញ្ហានៅទីតាំង ពិសោធសត្វ ប៉ុណ្ណោះនោះទេ។ ប្រទេសមួយ មិនអាចលើកកម្ពស់ការធ្វើទំនើបកម្ម ប្រកបដោយភាពជឿជាក់ បានឡើយ ប្រសិនបើនៅតែធូររលុង ក្នុងវិស័យដែលបង្កផលប៉ះពាល់ សុខភាពសាធារណៈ។

បញ្ហានេះមានសារៈសំខាន់ ជាពិសេសសម្រាប់កម្ពុជា ព្រោះម៉ូឌែលអភិវឌ្ឍន៍ របស់ប្រទេសកំពុងពឹងផ្អែកកាន់តែខ្លាំង លើទំនុកចិត្តរបស់សហគមន៍អន្តរជាតិ មិនថានៅក្នុងវិស័យរោងចក្រ វិស័យទេសចរណ៍ កសិកម្ម ឬវិស័យស្រាវជ្រាវវិទ្យាសាស្ត្រជីវិតនោះទេ កេរ្តិ៍ឈ្មោះប្រទេស គឺជាកត្តាសំខាន់ខ្លាំងណាស់។ ដូចគ្នានេះដែរ ស្ថាប័ននានាត្រូវតែបង្ហាញ ឱ្យឃើញពីសមត្ថភាពបែងចែក ឱ្យបានច្បាស់រវាងវិសាលភាព ការអភិវឌ្ឍនិងការទទួលខុស ត្រូវចំពោះសង្គម និងសាធារណៈជនទូទៅ។

មេរៀនជាក់ស្តែង៖
ការចំណាយលើការដោះស្រាយបញ្ហាបន្ទាប់ពីវាកើតឡើងរួច គឺខ្ពស់ជាងការចំណាយលើការបង្ការ និងទប់ស្កាត់ហានិភ័យជាមុន។
ចំណុចសំខាន់បំផុតនៅក្នុងរបាយការណ៍របស់អង្គការផីតា(PETA)មិនមែនត្រឹមតែរឿងសត្វស្វាចម្លងជំងឺទៅកាន់មនុស្សនោះទេ តែចំណុចស្នូលនោះគឺត្រង់ថាហានិភ័យដ៏ធ្ងន់ធ្ងររបស់ជំងឺឆ្លងនេះគឺកើតឡើងដោយសារប្រព័ន្ធរៀបចំបង្កការកកស្ទះដង់ស៊ីតេចិញ្ចឹម ការដឹកជញ្ជូនសត្វឥតឈប់ឈរ ខ្វះការត្រួតពិនិត្យត្រឹមត្រូវ និងមិនមានការតាមដានឱ្យបានច្បាស់លាស់។ និយាយរួមគឺថាបញ្ហានេះមិនមែនជាឧបទ្ទវហេតុកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាការបរាជ័យក្នុងការគ្រប់គ្រងប្រព័ន្ធ។

កម្ពុជាគួរតែរៀនសូត្រពីមេរៀននេះ ។ ប្រទេសមួយដែលកំពុង តែអភិវឌ្ឍគឺមិនគួរមើលស្រាលការការពារ ឬវិធានការទប់ស្កាត់នោះទេ។ ដំណាក់កាលនៃការទប់ស្កាត់គឺធូរស្រាលជាង ក្នុងនោះមានដូចជាការពង្រឹងប្រព័ន្ធត្រួតពិនិត្យ ពង្រឹងបទប្បញ្ញត្តិចត្តាឡីស័ក ការគ្រប់គ្រងការដឹកជញ្ជូន និងស្តង់ដារមន្ទីរពិសោធន៍ ។ បើមិនធ្វើដូច្នេះទេ ពេលបញ្ហាកើតឡើងហើយ វានឹងបង្កផលវិបាកកាន់តែខ្លាំងដូចជា សាធារណជននឹងផ្ទុះប្រតិកម្ម ឬទទួលការរិះគន់ពីស្ថាប័នអន្តរជាតិ។

គោលការណ៍នេះគឺពិតទាំងក្នុងវិស័យសុខភាពសាធារណៈ និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សេដ្ឋកិច្ចទំនើបគឺមិនសំដៅតែលើល្បឿននៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរីកចម្រើនក្នុងប្រទេសមួយដែលប្រកបដោយសុខ
សុវត្ថិភាព មានវិធានបង្ការ ឬទប់បញ្ហាអោយបានមុន និងប្រកបដោយតម្លាភាព។

តើការគ្រប់គ្រងបទប្បញ្ញត្តិប្រកបដោយការទទួលខុសត្រូវគួរមានលក្ខណៈដូចម្តេច?
ប្រសិនបើកម្ពុជាចង់ជៀសវាងហានិភ័យនាពេលអនាគតក្នុងវិស័យនេះ ដំណោះស្រាយមិនមែនជាការធ្វើឱ្យបញ្ហានេះក្លាយជារឿងភ្ញាក់ផ្អើលហួសហេតុនោះទេ។ ផ្ទុយទៅវិញ គឺត្រូវមានការគ្រប់គ្រង និងកំណត់បទប្បញ្ញត្តិឱ្យបានច្បាស់លាស់។ នេះមានន័យថា ត្រូវពង្រឹងការត្រួតពិនិត្យលើការបង្កាត់ស្វា ការដឹកជញ្ជូន និងការប្រើប្រាស់ស្វាសម្រាប់ការស្រាវជ្រាវពិសោធន៍ ត្រួតពិនិត្យស្តង់ដារឬសេវាកម្មបសុព្យាបាលនិងអនាម័យឱ្យបានប្រសើរ រាយការណ៍ប្រកបដោយតម្លាភាពអំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងសុខភាពសត្វ និងកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់ចំពោះស្ថាប័ន ឬមជ្ឈមណ្ឌលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសត្វសម្រាប់ការពិសោធស្រាវជ្រាវ ឬសត្វសម្រាប់យកទៅធ្វើអាជីវកម្ម។ វាក៏មានន័យថា សុខុមាលភាពសត្វមិនគួរត្រូវបានមើលរំលង ឬចាត់ទុកថាជារឿងបន្ទាប់បន្សំទេ ប៉ុន្តែត្រូវចាត់ទុកជាផ្នែកសំខាន់មួយនៃការការពារសុវត្ថិភាពសុខភាពសាធារណៈ។

វិធីសាស្ត្របែបនេះស្របទៅនឹងអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងពេញលេញ។ កម្ពុជាបានផ្តោតរួចហើយលើការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ និងភាពធន់ក្នុងការឆ្លើយតបនឹងហានិភ័យជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។ ការយកគោលការណ៍ដូចគ្នានេះមកអនុវត្តចំពោះការស្រាវជ្រាវលើសត្វ និងសុវត្ថិភាពជីវសាស្ត្រ មិនមែនជាការបង្វែរការយកចិត្តទុកដាក់ចេញពីការអភិវឌ្ឍន៍នោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃការកសាងវិន័យស្ថាប័ន និងសមត្ថភាពគ្រប់គ្រង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បញ្ហាមួយតូច តែឆ្លុះបញ្ចាំងសំណួរមួយ ដ៏ធំមួយនៅកម្ពុជា

ការពិភាក្សាជាសាធារណៈភាគច្រើនផ្តោតលើបញ្ហាជាតិធំៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការបង្កើតការងារ និងភាពជាដៃគូជាមួយបរទេស។ ប៉ុន្តែ ភាពបរាជ័យក្នុងការអនុវត្តបទប្បញ្ញត្តិតូចៗ និងការត្រួត
ពិនិត្យឱ្យបានត្រឹមត្រូវអាចចោទជាសំណួរថាតើមហិច្ឆតាអភិវឌ្ឍន៍ទាំងនោះពិតជាអាចមាននិរន្តរភាពមួយដ៏ពិតប្រាកដដែរឬទេ។ បញ្ហាស្វាគឺជាតេស្តសាកល្បងមួយក្នុងចំណោមការសាកល្បងទាំងនោះ។ ប្រសិនបើកម្ពុជាចង់ឱ្យពិភពលោកមើលឃើញថាខ្លួនគឺជាប្រទេសមួយមិនត្រឹមតែចង់សម្រេចបានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺថែមទាំងចង់ក្លាយជាប្រទេសដែលអាចមានសមត្ថភាពគ្រប់គ្រងហានិភ័យក្នុងសម័យទំនើបប្រកបដោយការទទួលខុសត្រូវ នោះកម្ពុជាត្រូវតែយកចិត្តទុកដាក់ ចំពោះប្រព័ន្ធ និងយន្តការដែលមនុស្សជាច្រើនងាយនឹងមើលរំលង។

សុវត្ថិភាពជីវសាស្ត្រ សុខុមាលភាពសត្វ និងការត្រួតពិនិត្យមន្ទីរពិសោធន៍ ប្រហែលមិនមែនជាប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសារព័ត៌មាននោះទេ ប៉ុន្តែវាជាផ្នែកមួយនៃមូលដ្ឋានគ្រឹះ ដែលធ្វើឱ្យរដ្ឋមួយជឿនលឿន ប្រកបដោយភាពជឿជាក់ និងទទួលបានទំនុកចិត្ត ពីសាធារណជន និងដៃគូអន្តរជាតិ។

អនាគតប្រទេសមួយ គឺមិនអាស្រ័យតែលើសមិទ្ធផល ដែលខ្លួនកសាងបានប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើឆន្ទៈគ្រប់គ្រង និងទប់ស្កាត់បញ្ហាមុន ពេលវាកើតឡើង៕

អ្នកនិពន្ធ៖ Chim Ratha,an investigative journalist (freelance).

To Top