សម្តេចធិបតី ៖ ការការពារអធិបតេយ្យជាតិ គឺប្រើប្រាស់កំលាំងជាតិសរុប
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការការពារអធិបតេយ្យ និងបូរណភាពទឹកដី មិនមែនប្រើប្រាស់កំលាំងប្រដាប់អាវុធទេ ប៉ុន្តែត្រូវប្រើប្រាស់កំលាំងជាតិសរុប ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃ៣ មិថុនានេះ សម្តេចធិបតី មានប្រសាសន៍ថា ការប្រើប្រាស់កំលាំងជាតិសរុបទាំងអស់ នោះគឺសំដៅទៅលើប្រជាពលរដ្ឋនិងសេដ្ឋកិច្ច ។
សម្តេចធិបតីបន្តថា “បញ្ហាអធិបតេយ្យភាពការការពារទឹកដី គឺមិនមែនប្រើប្រាស់តែកំលាំងប្រដាប់អាវុធនោះទេ មិនប្រើប្រាស់កងទ័ព និងយុទ្ធភណ្ឌទំនើបនោះទេ ប៉ុន្តែប្រើប្រាស់កំលាំងសរុបរបស់ជាតិរបស់យើង គឺប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមរបស់យើង ព្រោះពេលយើងប៉ះគ្នានៅឆ្នាំទៅនេះ ពេលមានសង្គ្រាមផ្ទុះឡើង គឺកំលាំងជាតិទាំងមូលបានជួយគាំទ្រទៅដល់កងទ័ពជួរមុខរបស់យើង” ។
សម្ដេចធិបតី មានប្រសាសន៍ទៀថា ជាតិមួយខ្លាំងបានទាល់តែប្រជាជនខ្លាំង សេដ្ឋកិច្ចខ្លាំង ទើបជាតិរឹងមាំ។ សេដ្ឋកិច្ចខ្លាំង ស្មារតីស្នេហាជាតិ និងធនធានមនុស្សម្នាក់ៗ មានសមត្ថភាព និងសុខភាពរឹងមាំ នេះហើយទើបអាចការពារជាតិរឹងមាំបាន ។ ដូច្នេះការអភិវឌ្ឍប្រទេស មិនមែនមើលតែមួយជ្រុងនោះទេ គឺមើលព្រៃទាំងមូល ។
សម្ដេចធិបតីបញ្ជាក់ថា ការពារជាតិមិនមែនការពារតែមួយថ្ងៃទេ ប៉ុន្ដែការពារជាតិ ត្រូវការប្រើប្រាស់រយៈពេលយូរអង្វែង ហើយដ៏រាបណាប្រទេសខ្មែរនៅតែជាប្រទេស ការពារជាតិត្រូវតែធ្វើ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ការការពារបូរណភាពទឹកដី និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមត្រូវតែធ្វើជាប់ជាប្រចាំ៕
