Feature

អ្នកនាំពាក្យ ៖ JBC កម្ពុជា ផ្ញើកំណត់ការទូតទៅថៃ ចំនួន៤២លើក

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ទាំង២លើករួចមក គណៈកម្មការ JBC របស់កម្ពុជា បានផ្ញើកំណត់ការទូត ទៅភាគីថៃចំនួន៤២លើក ។

ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា គិតចាប់ពីបទឈប់បាញ់ លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយបានផ្ញើ កំណត់ទូតចំនួន៩ លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូន ក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង បន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។

លោកថា ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានធ្វើកំណត់ទូតតវ៉ាចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានា របស់កងកម្លាំងថៃ នៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់ពីបទឈប់បាញ់លើកទី១ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជា ប្រឆាំងការរំលោភបំពាន របស់ភាគីថៃមានរហូតដល់ ៤២ លើក។

អ្នកនាំពាក្យបញ្ជាក់ថា “ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះ មានសារៈសំខាន់ចាំបាច់ ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន” ។

លោកបន្ថែមថា លិខិតតវ៉ាជាផ្លូវការទាំងនេះ គឺជាឯកសារ ដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរ ការដោះស្រាយបញ្ហាព្រំដែន ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាល នៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃ បានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដី តាមយន្តការច្បាប់ ។
អ្នកនាំពាក្យបញ្ជាក់បន្ថែមទៀតថា រីឯសំណើររបស់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូន ក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្រប តាមខ្លឹមសារ នៃកំណត់ហេតុកិច្ចប្រជុំពិសេស នៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុត ដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និង ខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះ សម្បែងរបស់ពួកគាត់វិញ ក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

To Top