ព័ត៌មានជាតិ

អភិបាលរាជធានី បញ្ជាឲ្យបិទជាបន្ទាន់ រាល់ពេទ្យធ្មេញ ក្លីនិក ឱសថស្ថានគ្មានច្បាប់ និងខុសបច្ចេកទេស

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធី “ផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខា ភិបាល ស្ថិតក្រោមរចនសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានកំណត់បញ្ជាឲ្យមន្ទីរសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យ លុបបំបាត់រាល់ពេទ្យធ្មេញ ឬជាងធ្មេញ ក្លីនិកឯកជន និងឱសថស្ថាននានា ដែលគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ឲ្យខានតែបាន ។

អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ពេទ្យធ្មេញតាមត្រកូល ឬជាងធ្មេញខ្លះ ពីដើម កាលឆ្នាំ៨០មក គាត់មើលធ្មេញ ផ្ទេរពីឪទៅកូន ប៉ុន្តែអ្នកខ្លះគាត់មានគំនិត គាត់រៀនពីឪទៅកូន ជីវភាពធូរធា គាត់ បានបញ្ជូនកូនទៅរៀនពេទ្យធ្មេញ ។ ក្រោយមកទៀត កូនគាត់ក៏ឈរជាពេទ្យធ្មេញ នឹងប្រកបរបអាជីវកម្ម បើកពេទ្យតទៅ ប៉ុន្តែអ្នកខ្លះទៀត មិនបានមានវិជ្ជាជីវៈ នេះ មន្ទីរសុខាភិបាល ត្រូវបិទឲ្យអស់ចំណុចនេះ ។ ឥឡូវនេះ កូវីដ១៩ បើយកពេទ្យធ្មេញ ទៅមើលធ្មេញទៀត រឹតតែមានបញ្ហា ដូច្នេះមន្ទីរសុខាភិបាលលុប បំបាត់ឲ្យខានតែបាន ។ ក្នុងនោះ ខណ្ឌទាំង១៤ ត្រូវមើលបញ្ហានេះ មិនមែនតែបញ្ហាពេទ្យធ្មេញមួយនោះទេ ក្លីនិក ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបិទ” ។

លោក ឃួង ស្រេង បានបញ្ជាក់ថា មន្ទីរសុខាភិបាល ត្រូវធ្វើកិច្ចការងារនេះឲ្យប្រាកដប្រជា ដើម្បីរាជធានីភ្នំពេញ ស្រស់បំព្រង កុំឲ្យមានបទល្មើសកើតឡើង ដោយគ្រប់គ្រង ទីតាំងក្លីនិកឯកជន ក៏ដូចជាគ្រប់គ្រងទីតាំងក្លីនិក ដែលអត់ច្បាប់ត្រូវលុបចោល ។

ដោយឡែកក្លីនិក ដែលមានច្បាប់ ត្រូវតម្រង់ទិសឲ្យបានល្អប្រសើរ។

លោកអភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែម ដល់អភិបាលខណ្ឌទាំង១៤ថា ត្រូវដឹង ក្លីនិក នៅក្នុងដែនសមត្ថកិច្ចខ្លួនឯង មានប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះ មិនបណ្តោយស្រេចតែចិត្តទេ។

លោកបន្តថា “រឿងព្យាបាលអញ្ចឹងដែរ ក្លីនិកត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ មានវិធានអ្វីខ្លះ ឲ្យប្រាកដប្រជា។ ខ្ញុំជឿជាក់ថា ខណ្ឌទាំង១៤ មិនទាន់យកចិត្តទុកដាក់ ដល់ចំណុចនេះទេ ។ ជួយគ្នាមិនមែន រឿងនេះ របស់សុខាភិបាលតែម្នាក់ឯងទេ ។ ឥឡូវនេះ រាជរដ្ឋាភិបាល បានផ្ទេរការងារនេះ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីមុនចេះតែប្រឡំប្រកូវ មាន ពេទ្យធ្មេញ មានជាងធ្មេញ ប៉ុន្តែមិនគួរឲ្យមានជាងធ្មេញ ខ្វះអ្វីពេទ្យធ្មេញយើង ចេញមកសញ្ញាប័ត្រ ប៉ុណ្ណាប៉ុណ្ណី ស្រាប់តែឲ្យមានជាងធ្មេញទៀត មិចកើត ជាងធ្មេញនឹង ដាំពេជ្រ ដាំស្អីនឹង បើទោះដាំអ្វីក៏វាឆ្លងរោគដែរ ហើយវាមិនត្រូវ នឹងបទដ្ឋានបច្ចេកទេស មិនត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ចឹងអ្វីដែលអសកម្មលុបបំបាត់ចោល” ។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានកោត សរសើរប្រតិបត្តិករដែលមានក្រុមគ្រូពេទ្យ ខិតខំ ប្រឹងប្រែង ក្នុងយុគ្គសម័យកូវីដ១៩នេះ ដោយរាជធានីភ្នំពេញមានទំនួលខុសត្រូវ ក្នុងការព្យាបាលអ្នកជំងឺ រហូតទទួលការកោតសរសើរ ពីតំបន់ ក៏ដូចជា ពីបរទេស៕

To Top