ព័ត៌មានជាតិ

មេគ.ជ.ប ៖ មានតែការបោះឆ្នោតទេ ទើបធ្វើឲ្យជាតិ មានសុខសន្ដិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ លោក ស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា មានតែការបោះឆ្នោតទេ ទើបធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព និងមានការអភិវឌ្ឍ ។ នេះបើយោងតាម លិខិតរបស់ គ.ជ.ប ។

នាឱកាសចុះពង្រឹងការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីជាប់កិច្ចសន្យា នៅតាមលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្ត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ិក ប៊ុកហុក បានលើកឡើង នូវចំណុចសំខាន់ៗ ជាច្រើនពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោតបទដ្ឋានអន្ដរជាតិនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត និងទិសដៅសម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២២ និង២០២៣ ខាងមុខ រួមទាំងបានណែនាំការងារមួយចំនួនទៀត។

លោកមានប្រសាសន៍ថា «មានតែការបោះឆ្នោតនេះឯង ទើបធ្វើឲ្យប្រទេសជាតិមានសុខ សន្ដិភាព និងមានការអភិវឌ្ឍ ។ បច្ចុប្បន្ននេះមេដឹកនាំប្រទេសកម្ពុជា គឺកើតចេញពីការបោះ ឆ្នោតដោយផ្ទាល់ពី ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យ» ។

លោកបន្ដថា ក្នុងនាមជាស្ថាប័នរៀបចំការបោះឆ្នោត ត្រូវតែធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿជាក់ ទើបពួកគាត់នឹងចូលរួមបោះឆ្នោតជាមិនខាន៕

ដោយ ៖ អេង ប៊ូឆេង

To Top