Covid-19

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ជំរុញដល់សាធារណជន ឲ្យចូលរួមធ្វើតេស្តស្វែងរក មេរោគបង្កជំងឺកូវីដ១៩

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានជំរុញដល់សាធារណជនទាំងអស់ដើម្បី ចូលរួមធ្វើតេស្តរកមើល មេរោគបង្កជំងឺកូវីដ១៩ និងតាមដានតាមប្រព័ន្ធ ដើម្បីជួយកាត់បន្ថយ ការបិទប្រទេសដោយសារ វីរុសកូរ៉ូណា ។

លោក បានថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្ត និងការតាមដានជាប្រព័ន្ធ គឺ”វត្ថុបំណង” ដើម្បីបន្ធូរបន្ថយការបិទប្រទេស ដោយហៅការធ្វើបែបនេះថា “កាត្វកិច្ចរបស់ពលរដ្ឋ” សម្រាប់សាធារណជន ដើម្បីចូលរួមនៅក្នុងផែនការ ។

ចន្លោះថ្ងៃទី២៨ ខែឧសភា និងថ្ងៃទី៣ ខែមិថុនា ពលរដ្ឋចំនួន៨.១១៧នាក់បានធ្វើតេស្តឃើញមានលទ្ធផលវិជ្ជមានដែលមាន វត្តមានមេរោគបង្កជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅកាន់ក្រុមសេវាកម្មសុខភាពជាតិ ធ្វើតេស្ត និងតាមដានតាមប្រព័ន្ធ ។

ក្រសួងសុខាភិបាល និងថែទាំងសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកជំងឺផ្សេងទៀតចំនួន១៥១នាក់ បានស្លាប់នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤១.២៩៧នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top