ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំអភិបាល​ រាជធានី-ខេត្ត បន្តរៀបចំវេទិកាផ្សេងៗ តែមិនឲ្យលើសពី៥០នាក់

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងវេទិកាផ្សេងៗ ទៀត នៅតាមមូលដ្ឋានជាធម្មតាឡើងវិញ ប៉ុន្ដែត្រូវជួបជុំគ្នាមិនឲ្យលើស ពី៥០នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ ការរោតត្បាតនៃជំងឺ កូវីដ-១៩។

យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីបន្តជំរុញឲ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន មានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ និងសម្រេចបានលទ្ធផល តាមការរំពឹងទុក ព្រមទាំងរួមចំណែក ក្នុងការបង្ការទប់ស្កាត់ ការរាត ត្បាតនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ ឲ្យចិត្តទុកដាក់អនុវត្តនកិច្ចការមួយចំនួន ៖

ទី១-ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ នៅតាមមូលដ្ឋាននីមួយៗជាធម្មតា ស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទី២-ចំពោះសមាសភាព ចូលរួមវេទិកាត្រូវរៀបចំតាម រូបភាពតូចៗដោយកំណត់ តំណាង អ្នកចូលរួមមួយលើកៗមិនលើសពី៥០នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ ការរោត ត្បាត នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ ។

ទី៣-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញសមាសភាពតំណាង ប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមក្នុងវេទិកានេះ។

ទី៤-ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់កាតត្បាតនៃជំងឺកូវីដ-១៩៕

ដោយ ៖ អេង ប៊ូឆេង

To Top