Feature

ផ្លូវគ្រួសក្រហមប្រវែងជាង ១០គីឡូម៉ែត្រ តភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋពីភូមិប្រាសាទល្បើក ទៅកាន់ភូមិទំនប់ចាស់

ឧត្តរមានជ័យ៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវថ្នល់ តែងតែត្រូវបានចាត់ទុកថាជាសរសៃឈាមដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាក់ស្ដែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោកមានចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមថ្មីមួយខ្សែ ដែលមានប្រវែងសរុប ១០.៦៥០ម៉ែត្រ តភ្ជាប់ពី ភូមិប្រាសាទល្បើក ទៅកាន់ ភូមិទំនប់ចាស់ ដើម្បីឆ្លើយតបចំតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។

ការបើកការដ្ឋានស្ថាបនាផ្លូវគ្រួសក្រហមប្រវែងជាង ១០គីឡូម៉ែត្រនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលបាននាំមកនូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បន្ទាប់ពីពួកគាត់បានរង់ចាំ និងជួបប្រទះការលំបាកក្នុងការធ្វើដំណើរជាយូរមកហើយ។

លោកមានចាន់យ៉ាដា បានលើកឡើងថា ការស្ថាបនាផ្លូវគ្រួសក្រហមនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរធម្មតានោះទេ ប៉ុន្តែវាជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដោយជួយឱ្យកសិករអាចដឹកជញ្ជូនស្រូវ និងផលដំណាំផ្សេងៗចេញទៅលក់នៅទីផ្សារបានលឿនជាងមុន និងចំណាយថវិកាតិចជាងមុន ជាពិសេស បង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងការដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យពេលមានអាសន្ន និងធានាដល់ការធ្វើដំណើររបស់កុមារសិស្សានុសិស្សទៅសាលារៀនបានប្រកបដោយសុវត្ថិភាពក្នុងគ្រប់រដូវកាល។

លោក អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍ផ្លូវមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវគេទុកចោលនោះឡើយ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ថា «ទីណាមានប្រជាពលរដ្ឋរស់នៅទីនោះត្រូវតែមានផ្លូវទឹកភ្លើងដល់ទីនោះជាចាំបាច់» ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងធានានរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិផងដែរ៕

ដោយ សួន ពិសិ

To Top