បរទេស៖ ប្រធានមន្ត្រីចរចានុយក្លេអ៊ែ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងប្រារព្ធកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ ស្របពេល មានការភាពតានតឹងផ្ទុះកាន់តែខ្លាំង ជាមួយប្រទេសកូរ៉េខាងជើង ក្រោយពីក្រុងព្យុងយ៉ាង បំផ្ទុះចោលការិយាល័យ អន្តរទំនាក់ទំនងកូរ៉េ និងគម្រាមប្រើចំណាត់ការយោធា។
ការធ្វើដំណើរទស្សនកិច្ច ដែលមិនបានប្រកាសជាមុន របស់លោក Lee Do-hoon នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បំផ្ទុះចោលការិយាល័យ ទំនាក់ទំនងកូរ៉េមួយកន្លែង នៅក្នុងទីក្រុង Kaesong ស្ថិតនៅជិតព្រំដែន របស់ប្រទេសកូរ៉េខាងត្បូង និងបានប្រកាសបញ្ចប់ឈប់ ធ្វើកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ឲ្យដឹងថា លោក Lee Do-hoon ត្រូវគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីសហរដ្ឋអាមេរិក ដែលរួមមានទាំង អនុរដ្ឋមន្ត្រីការបរទេស លោក Stephen Biegun ដែលបានដឹកនាំកិច្ចចរចា លុបបំបាត់អាវុធនុយក្លេអ៊ែ ជាមួយប្រទេសកូរ៉េខាងជើងផង៕ ប្រែសម្រួល៖ប៉ាង កុង