ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មកទល់ពេលនេះ ស្ថានការណ៍ នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាត ដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភ ដ៏ធំបំផុតរបស់ពិភពលោក ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា «មកទល់ពេលនេះ ស្ថានការណ៍នៃជំងឺ កូវីដ-១៩ ដែលជាជំងឺ ឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុត របស់ពិភពលោក ។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ ។ ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគ កូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៨,២៤២,៩៩៩ ដែល មានអ្នកស្លាប់រហូតដល់៤៤៥,៥៣៥នាក់»។
សម្ដេចតេជោ រំលឹកថា ថ្មីៗនេះ នៅកម្ពុជាក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់ មកពីឥណ្ឌូនេស៊ី និងម្នាក់ទៀត មកពីម៉ាឡេស៊ី ដែលសរុបទាំងអស់មានអ្នក ឆ្លង១២៩នាក់ ហើយព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាលបន្ត ។
សម្ដេចតេជោ បន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទ ស្រុកស្រែចំការ គឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយទឹកអាល់កុល ឬជែលសម្លាប់មេរោគឲ្យបានជាប្រចាំ»។
សម្ដេចតេជោ បន្ថែមថា ចំពោះទីកន្លែងប្រមូលផ្តុំ មានមនុស្សច្រើន ដូចជាផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរ ព្យាបាលទាំងរដ្ឋ និងឯកជន ត្រូវតែមានម៉ាស ទឹកអាល់កុល ឬជែលដើម្បីឲ្យពលរដ្ឋ ប្រើប្រាស់ ការពារកុំឲ្យមានការចម្លងរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ជំងឺកូវីដ-១៩ មើលមិនឃើញទេ ហើយងាយឆ្លងរាលដាល លឿន ៕ ដោយ អេង ប៊ូឆេង