រដ្ឋមន្ដ្រី ចម និម្មល ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ «ឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា៖ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» ព្រមទាំងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ការលើកឡើងរបស់លោកស្រី ចម និម្មល ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោកស្រី រដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីនេះ ធ្វើឡើងដោយឈរលើគោលការណ៍ «គុណាធិបតេយ្យ» និងអភិក្រម «ជ្រើសរើសឱ្យត្រូវ ដាក់ឱ្យចំ រក្សាឱ្យនៅ» ស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» របស់រាជរដ្ឋាភិបាល។
គូសបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធក្រសួង និងការធ្វើជំរឿនមន្ត្រីរាជការ ការរៀបចំតែងតាំង សម្រួលភារកិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនាពេលនេះ ត្រូវបានធ្វើឡើងស្របតាមមុំទី២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ» ព្រមទាំងសេចក្តីណែនាំលេខ០១ ស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីធានាឱ្យការរៀបចំមន្ត្រីស្របតាមមុខងារ ភារកិច្ច និងតម្រូវការជាក់ស្តែងរបស់អង្គភាពនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានផ្តល់មតិណែនាំសំខាន់ៗចំនួន ៤ ដល់មន្ត្រីរាជការទាំងអស់រួមមាន៖ ១. ពង្រឹងស្មារតីអនុវត្តការងារក្រោម «ទស្សនៈរួម បេសកកម្មរួម និងចក្ខុវិស័យរួម» ដោយលើកកម្ពស់សាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវរួម ២. បន្តពង្រឹងសមត្ថភាពបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយនីតិវិធី និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ៣. ប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកផ្តល់សេវា» និង ៤. អនុវត្តតួនាទី និងភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មីឱ្យបានពេញលេញ ប្រកបដោយបុរេសកម្ម ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
លោកស្រី រដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា មន្ត្រីរាជការដែលទទួលបានការតែងតាំងនឹងប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួន ដើម្បីបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ «ឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា៖ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» ព្រមទាំងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
