Feature

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ឥណ្ឌា ចុះកិច្ចព្រមព្រៀងទិញយន្តហោះពីរុស្ស៊ីចំនួន ១០៥ គ្រឿង

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ឥណ្ឌាចំនួនបី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងយន្តហោះដឹកអ្នកដំណើរម៉ូដែល Il-114-300 របស់រុស្ស៊ីចំនួន ១០៥ គ្រឿង ខណៈដែលទីក្រុងមូស្គូ និងទីក្រុងញូវដេលី កំពុងជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិល និងវិស័យផលិតកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ការបញ្ជាទិញដែលបានស្នើឡើងនេះរួមមាន យន្តហោះចំនួន ៥០ គ្រឿងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ Pinnacle Air, រហូតដល់ ២០ គ្រឿងសម្រាប់ក្រុមហ៊ុន Air Kerala និង ៣៥ គ្រឿងសម្រាប់ក្រុមហ៊ុន Sleek Aviation។

ក្រុមហ៊ុនទាំងនេះនៅមិនទាន់ចាប់ផ្តើមប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មតាមកាលវិភាគនៅឡើយទេ។ ក្រុមហ៊ុនថ្មីមួយទៀតគឺ Flamingo Aerospace ក៏បានយល់ព្រមទិញយន្តហោះប្រភេទនេះចំនួន ៦ គ្រឿងរួចមកហើយដែរ ដោយការដឹកជញ្ជូនយន្តហោះទាំងនោះត្រូវបានរំពឹងថានឹងធ្វើឡើងនៅឆ្នាំ ២០២៨។

កិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងលិខិតបង្ហាញពីបំណងទិញ ត្រូវបានប្រកាសនៅទីក្រុងញូវដេលី មុនពេលកិច្ចប្រជុំកំពូល BRICS ចាប់ផ្តើមនៅថ្ងៃសុក្រ។ ព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែលឥណ្ឌា និងរុស្ស៊ីកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច ឱ្យលើសពីវិស័យនៃភាពជាដៃគូដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ។

ប្រែសម្រួលៈ ណៃ តុលា

To Top