ស្អែកនេះ ក្រសួងការងារបើកពិព័រណ៍ជាតិការងារ ឆ្នាំ២០២៦ នាំឱកាសការងារ ៣៥,០០០កន្លែង ជូនយុវជន និងអ្នកស្វែងរកការងារ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិធីបើកនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី។

ពិព័រណ៍ឆ្នាំនេះនឹងនាំមកនូវឱកាសការងារប្រមាណ ៣៥,០០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ ១៥០។ យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារ អាចមកដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់នៅទីតាំង ព្រមទាំងទទួលបានការប្រឹក្សាអាជីព និងព័ត៌មានអំពីតម្រូវការទីផ្សារការងារ។
ក្រសួងការងារ បានអំពាវនាវដល់សាធារណជន ជាពិសេសយុវជន និងអ្នកស្វែងរកការងារ ឱ្យចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសការងារ និងស្វែងយល់ពីជំនាញដែលទីផ្សារកំពុងត្រូវការ៕
