Feature

ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង៖ ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមអនុវត្តវិធានការ lockdown ឡើងវិញ និងការកាត់បន្ថយការប្រើប្រាស់ប្រេងរបស់ស្ថាប័នរដ្ឋចំនួន ៥០%

បរទេស៖ យោងតាមសារព័ត៌មាន Dawn បានផ្សាយថា ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមអនុវត្តឡើងវិញនូវវិធានការរឹតត្បិតដ៏ទូលំទូលាយស្រដៀងនឹងការបិទខ្ទប់ (lockdown) ខណៈដែលជម្លោះដែលកំពុងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាបានដាក់សម្ពាធលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងធ្វើឱ្យតម្លៃថាមពលកើនឡើង។ រដ្ឋាភិបាលបានបញ្ជាឱ្យផ្សារនានាបិទទ្វារនៅម៉ោង ៩ យប់ និងកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់យានយន្តរបស់រដ្ឋាភិបាលចំនួន ៥០% សម្រាប់រយៈពេល ៣ ខែខាងមុខ។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា វិធានការទាំងនេះ ដែលមានប្រសិទ្ធភាពភ្លាមៗ ត្រូវបានដាក់ចេញនៅក្នុងសេចក្តីជូនដំណឹងរបស់ផ្នែកគណៈរដ្ឋមន្ត្រី (Cabinet Division) កាលពីថ្ងៃទី ១៧ ខែកញ្ញា។

កាលពីមុន ប្រទេសប៉ាគីស្ថានធ្លាប់បានដាក់ចេញនូវវិធានការសន្សំសំចៃស្រដៀងគ្នានេះនៅក្នុងខែមីនា រួមទាំងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈចំនួន ៥០% សម្រាប់យានយន្តផ្លូវការ ប៉ុន្តែការរឹតត្បិតភាគច្រើនត្រូវបានលុបចោលវិញនៅក្នុងខែមិថុនា។

ក្រោមការរឹតត្បិតថ្មីនេះ ហាងលក់ទំនិញ ផ្សារ ផ្សារទំនើប និងទីផ្សារនានា រួមទាំងហាងលក់គ្រឿងទេស និងហាងលក់ទំនិញទូទៅ ត្រូវតែបិទទ្វារនៅម៉ោង ៩ យប់។

សាលរៀបចំពិធីមង្គលការ និងទីកន្លែងផ្សេងទៀតដែលរៀបចំកម្មវិធីជួបជុំនានា ត្រូវបិទទ្វារនៅម៉ោង ១០ យប់ ខណៈដែលភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់អាហារអាចបន្តបើកដំណើរការរហូតដល់ម៉ោង ១១ យប់។ សេវាកម្មវេចខ្ចប់អាហារយកទៅញ៉ាំនៅផ្ទះ (takeaway) និងសេវាកម្មដឹកជញ្ជូនអាហារដល់ផ្ទះ នឹងមិនស្ថិតក្រោមការរឹតត្បិតនេះទេ។

ឱសថស្ថាន មន្ទីរពេទ្យ គ្លីនិក មន្ទីរពិសោធន៍ ស្ថានីយប្រេងឥន្ធនៈ និងស្ថានីយឧស្ម័ន CNG ចំណុចសាកថ្មយានយន្តអគ្គិសនី ហាងនំប៉័ង ហាងលក់ទឹកដោះគោ កន្លែងហាត់ប្រាណ កន្លែងកីឡា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន (IT) និងមជ្ឈមណ្ឌលទទួលទូរស័ព្ទ (call centres) ក៏នឹងមិនស្ថិតក្រោមការរឹតត្បិតពេលវេលានេះដែរ។

រដ្ឋាភិបាលប៉ាគីស្ថានក៏បានបញ្ជាដាច់ដោយឡែកឱ្យកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈចំនួន ៥០% សម្រាប់យានយន្តរដ្ឋរយៈពេល ៣ ខែផងដែរ។ ចំណែកយានយន្តដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធ ស្ថាប័នអនុវត្តច្បាប់ និងសេវាកម្មចាំបាច់នានា ភាគច្រើនត្រូវបានលើកលែងពីវិធានការនេះ ដោយស្ថិតក្រោមលក្ខខណ្ឌដែលបានកំណត់។

សេចក្តីជូនដំណឹងនេះក៏តម្រូវឱ្យមានការកាត់បន្ថយ ៥% ជារៀងរាល់ខែលើការចំណាយរបស់រដ្ឋាភិបាលដែលមិនពាក់ព័ន្ធនឹងប្រាក់បៀវត្សរ៍បុគ្គលិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៦-២០២៧ និងហាមឃាត់ការទិញយានយន្តថ្មី និងទំនិញប្រើប្រាស់បានយូរភាគច្រើន។

ប្រែសម្រួលៈ ណៃ តុលា

To Top