Feature

កម្ពុជា-ចិន ចុះ MOU ពីកិច្ចសហប្រតិបត្តិការ លើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងលោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន រវាងប្រទេសទាំងពីរ។

ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកលឆ្នាំ២០២៦ នៅប្រទេសចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេភាគី ជាមួយ លោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងទាំងពីរ។

ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្រ្តីក្រសួងទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន គោលបំណងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើ ការកសាងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការងារពិសោធន៍សំណង់សាធារណការជាដើម។

សូមរំលឹកថាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញចូលរួម វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកលឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២២ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦៕

To Top