យន្តហោះទំលាក់គ្រាប់បែក Tu-95 រុស្សីមួយគ្រឿងជួបឧប្បទេវហេតុធ្លាក់ ស្លាប់នាវិក៦នាក់នៅតំបន់ Amur
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ក្នុងតំបន់ Amur ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយបានសម្លាប់សមាជិកនាវិក ៦នាក់ និងម្នាក់ទៀតរងរបួស នេះបើយោងតាមក្រសួងការពារជាតិ របស់ទីក្រុងមូស្គូ។
ក្រសួងបាននិយាយថាសមាជិកនាវិកដែលរងរបួសត្រូវបានជម្លៀសទៅកាន់កន្លែងព្យាបាលរួចរាល់ហើយ។ក្រសួងបានបន្ថែមទៀតថា យន្តហោះនេះមិនមានបំពាក់អាវុធទេ ហើយធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ។
គណៈកម្មការកងកម្លាំងអាកាសរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់កន្លែងស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះ។
យន្តហោះ Tu-95 រចនាឡើងដោយសូវៀត ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ១៩៥២ នៅតែជាយន្តហោះផលិតលឿនបំផុតរបស់ពិភពលោក។
គួរឲ្យដឹងទៀតដែរថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយត្រូវបានរុស្ស៊ី ប្រើប្រាស់យ៉ាងទូលំទូលាយក្នុង ការបាញ់បង្ហោះមីស៊ីល Kh-101 ទៅកាន់គោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន អំឡុងពេលមានជម្លោះ៕
