បរទេស៖ ប្រភពពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយនៅថ្ងៃអង្គារថា មេបញ្ជាការយោធាឥណ្ឌានិងចិន នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដកកងទ័ព ចេញបីតំបន់ព្រំដែនមានជម្លោះធ្ងន់ធ្ងរ ជាទីដែលមានការ ប៉ះទង្គិចគ្នាដោយអាវុធ កាលពីសប្ដាហ៍មុន បណ្ដាលឲ្យទាហានឥណ្ឌា ២០នាក់បានស្លាប់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់មកពីភាគីទំាងពីរ បានជួបគ្នាអស់រយៈពេលជាច្រើនម៉ោង នៅថ្ងៃចន្ទម្សិលមិញនេះ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង ក្នុងតំបន់ Ladakh នៅតាមជួរភ្នំហិមាល័យភាគខាងលិច។
ប្រភពព័ត៌មានពីរដ្ឋាភិបាល ប្រទេសឥណ្ឌានោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “គំរូនៃការដកកងទ័ពចេញពី តំបន់ផុយស្រួលនានា នៅក្នុងតំបន់ Ladakh ភាគខាងកើតនេះ គឺត្រូវបានលើកយកមកពិភាក្សាគ្នា ហើយនឹងត្រូវលើកយកមកពិភាក្សា បន្តទៀតដោយភាគីទាំងពីរ” ៕
ប្រែសម្រួល៖ ប៉ាង កុង