Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ការវិនិយោគ លើវិស័យសុខាភិបាល ជាការវិនិយោគលើធនធានមនុស្ស

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពរបស់ប្រទេសជាតិ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ស្តីពី ការវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងថា គម្រោងការវះកាត់ផ្សាំសរីរាង្គ គឺជាសមិទ្ធផលបន្ថែម និងជាជំហានថ្មីមួយដ៏សំខាន់ ឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការអភិវឌ្ឍន៍នៃបច្ចេកទេសវេជ្ជសាស្ត្រសម្រាប់ព្យាបាលអ្នកជំងឺមានសភាពស្មុគស្មាញក្នុងប្រទេសកម្ពុជា។

សាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងថា បេសកកម្មមានគោលដៅសំខាន់គឺផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកជំងឺ។ ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺតម្រងនោមដំណាក់កាលចុងក្រោយមួយចំនួន ត្រូវការការលាងឈាមក្នុងរយៈពេលវែង ហើយសម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌសមស្រប ការប្តូរតម្រងនោមអាចជាជម្រើសព្យាបាលដ៏សំខាន់មួយ ។

សាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា ការវះកាត់ប្តូរតម្រងនោមប្រកប ដោយគុណភាព និងសុវត្ថិភាពនៅប្រទេសកម្ពុជា នាំយកនូវសេវាព្យាបាល កម្រិតខ្ពស់មកជិតប្រជាពលរដ្ឋ ។ បច្ចេកទេសវះកាត់ផ្សាំសរីរាង្គនេះ តម្រូវឱ្យមានការបណ្តុះបណ្តាលបច្ចេក​ទេ​សវេជ្ជសាស្ត្រច្បាស់លាស់ ទៅតាមជំនាញឯកទេសនីមួយៗ ដូចជា ជំនាញវះកាត់ប្រព័ន្ធម៉ូត្រសាស្រ្ត និងតម្រងនោម ជំនាញធ្វើរោគវិនិច្ឆ័យតម្រងនោម ជំនាញផ្នែកមន្ទីរពិសោធន៍ លើប្រព័ន្ធភាពស៊ាំសរីរាង្គ និងជំនាញផ្នែកសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ជាដើម។​

ក្នុង​​ឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីបានរំលេចសារគន្លឹះថា «ក្រុមគ្រូពេទ្យត្រូវប្រកាន់ខ្ចប់ គោលការណ៍៤ គឺត្រូវមានសមត្ថភាពគ្រប់គ្រាន់ ត្រូវធានាសុវត្ថិភាពខ្ពស់ ត្រូវមានសីលធម៌ និងត្រូវមានសមធម៌ក្នុងការបម្រើសេវា»។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តបារាំង ជាពិសេសថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យ Hospices civils de Lyon ដែលបានខិតខំផ្តួចផ្តើម និងចូលរួមគាំទ្រគម្រោងផ្សាំសរីរាង្គ(តម្រងនោម) នៅប្រទេសកម្ពុជា។ គម្រោងផ្សាំសរីរាង្គ ឆ្លងកាត់ដំណាក់កាលកសាងសមត្ថភាពដ៏ធំមួយ និងថ្មី ដែលត្រូវបញ្ចូលក្នុងប្រព័ន្ធសុខាភិបាល និងជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់៕

To Top