រដ្ឋមន្ត្រីសុខាភិបាល ៖ ការតម្កល់សុខុមាលភាពពលរដ្ឋ ជាអាទិភាពចម្បងជានិច្ច
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច ។ ដូច្នេះការតស៊ូជំនះរាល់ឧបសគ្គ គឺជាវីរភាពដ៏ប្រពៃ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកសុខាភិបាល នៅគ្រប់កាលៈទេសៈ ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ សាស្ត្រាចារ្យរដ្ឋមន្ត្រី កោតសរសើរ និងបញ្ជាក់ពីការគាំទ្រនៅជាមួយគ្នាគ្រប់កម្រិតសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យ ដែលបាននិងកំពុងខិតខំបម្រើសេវា ថែទាំព្យាបាលអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព សេចក្តីមេត្តា ករុណា រក្សាបានទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ ដែលលោកពេញចិត្តមកទទួលសេវាក្នុងមន្ទីរពេទ្យកាន់តែកុះករ។

សាស្ត្រាចារ្យ បានជូនអនុសាសន៍ឱ្យបន្តថែរក្សាស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាព អាយុជីវិតអ្នកជំងឺ ដោយប្រើគ្រប់ជំនាញ មធ្យោបាយដែលមាន រួមទាំងសហភាតរៈថ្នាក់ជាតិ ដែលក្រសួងបានរៀបចំយ៉ាងរឹងមាំ ។

មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (ទីតាំងថ្មី) គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ប្រជាពលរដ្ឋមកទទួលសេវា ៦ ៥៣០នាក់ មានការកើនឡើង ២១% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៦ មានចំនួន ៥ ៣៧៩នាក់ (នៅទីតាំងចាស់)។

សូមបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យស្ថានភាពសុខាភិបាលរងផលប៉ះពាល់បណ្តាខេត្តរងគ្រោះដោយសារទឹកជំនន់ រួមមាន ៖ មណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន ៖ មណ្ឌលសុខភាពរហាត់ទឹក មណ្ឌលសុខភាពឬស្សីក្រោក១ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី៕








