Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ ខេត្តកំពង់ធំ នឹងប្រែពីខេត្តឆ្លងកាត់ ទៅជាគោលដៅទេសចរណ៍ ដែលត្រូវតែឈប់ចូល និងស្នាក់នៅ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ខេត្តកំពង់ធំ នឹងប្រែក្លាយពី «ខេត្តឆ្លងកាត់» ទៅជា «គោលដៅទេសចរណ៍ដែលត្រូវតែឈប់ ត្រូវតែចូល និងត្រូវតែស្នាក់នៅ» ។

ការលើកលើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។

ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តកំពង់ធំ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ក្នុងរយៈពេល៥ឆ្នាំទៀត។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកំពង់ធំជាខេត្តទី១ ក្នុងចំណោមរាជធានី និងខេត្តទាំង២៥ ដែលបានបញ្ចប់ការរៀបចំផែនការ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០ មុនគេ។ លោកក៏បានសម្តែងនូវការដឹងគុណ ចំពោះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តួចផ្តើម និងដឹកនាំតម្រង់ទិស ការរៀបចំផែនការនេះ ព្រមទាំងកោតសរសើររដ្ឋបាលខេត្ត ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំផែនការ ឱ្យលេចជារូបរាងឡើង។

លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភ័ណភាពខេត្ត រួមមានផ្លូវថ្នល់ ស្ពាន សួនច្បារសាធារណៈ ផ្លូវថ្មើរជើង ប្រព័ន្ធអគ្គិសនី និងទឹកស្អាត ដែលបានសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ពង្រឹងការតភ្ជាប់ ទៅកាន់គោលដៅទេសចរណ៍ និងបង្កើតបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងការវិនិយោគ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ ក្នុងតំបន់កាន់តែខ្លាំង និងតម្រូវការរបស់ភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ ខេត្តកំពង់ធំត្រូវបន្តបង្កើតផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ លើកកម្ពស់គុណភាពសេវាកម្ម និងពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីបង្កើនភាពទាក់ទាញ និងឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី​ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍ គន្លឹះសំខាន់ៗ មួយចំនួន ៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តក្រចេះ និងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។ ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើត Branding របស់ខេត្តកំពង់ធំ ដែលផ្តោតលើការកសាង ម៉ាកគោលដៅ​ទេសចរណ៍ខេត្តកំពង់ធំ ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍​នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ៕

To Top