ព័ត៌មានអន្តរជាតិ

បាតុកម្មរបស់សិស្សសាលា នៅបារាំងបណ្តាល ឱ្យមានមនុស្សរាប់រយនាក់ ត្រូវចាប់ខ្លួន ខណៈលោក ម៉ាក្រុង កោះហៅរដ្ឋមន្ត្រីប្រជុំបន្ទាន់

​បរទេស៖ បាតុកម្មទ្រង់ទ្រាយធំប្រឆាំង នឹងស្ថានភាពសាលារៀនទ្រុឌទ្រោម នៅប្រទេសបារាំង បានឈានដល់ការផ្ទុះ អំពើហិង្សាជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារ (ទី៦ ខែតុលា) ដែលនាំឱ្យមានការចាប់ខ្លួនមនុស្សជិត ៥០០នាក់ និងជំរុញឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កោះប្រជុំបន្ទាន់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
​
បាតុកម្មនេះបានចាប់ផ្តើមតាំង ពីចុងខែកញ្ញា ដោយសិស្សអាយុពី ១៥ ទៅ ១៧ឆ្នាំ បាននាំគ្នាបិទច្រកចូលវិទ្យាល័យ រាប់រយកន្លែង ដើម្បីតវ៉ាអំពីបញ្ហាសម្ភារៈរូបវន្តចាស់ទ្រុឌទ្រោម និងកង្វះខាតគ្រូបង្រៀន។ ក្រោយមក ឪពុកម្តាយ គ្រូបង្រៀន និងសមាជិកសហជីព ក៏បានចូលរួមក្នុងចលនានេះនៅរដ្ឋធានីប៉ារីស និងទីក្រុងផ្សេងៗទៀត។ ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថាមានអ្នកចូលរួមតវ៉ាទូទាំងប្រទេសប្រមាណ ២៥៦,០០០នាក់ ខណៈក្រុមសហជីពអះអាងថាមានរហូតដល់ ៤៥០,០០០នាក់។

​ក្រសួងមហាផ្ទៃបានប្រកាសថា យ៉ាងហោចណាស់មនុស្ស ៤៨៨នាក់ត្រូវបានចាប់ខ្លួន និងកងកម្លាំងសន្តិសុខ ៤៣នាក់បានរងរបួសកាលពីថ្ងៃអង្គារ។

គិតចាប់តាំងពីបាតុកម្មផ្ទុះឡើង មានសិស្សចំនួន ២១៥នាក់ និងមន្ត្រីប៉ូលិស ៧១៥នាក់បានរងរបួស។ ក្រុមសិទ្ធិមនុស្ស សហជីព និងសិស្សានុសិស្ស បានចោទប្រកាន់អាជ្ញាធរពីការប្រើប្រាស់កម្លាំងបង្ក្រាបហួសហេតុ។ ជាក់ស្តែង យុវជនម្នាក់បានដាច់ដៃកាលពីថ្ងៃចន្ទដោយសារគ្រាប់បែកបង្អើល (stun grenade) និងសិស្សអាយុ ១៤ឆ្នាំម្នាក់ទៀតនៅភាគពាយ័ព្យប៉ារីស បានបាក់ធ្មេញក្រោយត្រូវគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកចំមុខ ដែលករណីនេះមន្ត្រីប៉ូលិសម្នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃអង្គារ។

បើទោះជាការដើរដង្ហែជាច្រើនមានលក្ខណៈសន្តិវិធីក៏ដោយ ប៉ុន្តែមានក្រុមបាតុករខ្លះបានដុតបំផ្លាញ បំផ្លាញចំណតរថយន្តក្រុង និងប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុបកម្ម ដែលជំរុញឱ្យប៉ូលិសឆ្លើយតបដោយដំបង ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ។

លោកប្រធានាធិបតី ម៉ាក្រុង ត្រូវបានរំពឹងថានឹងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងនោះមានរដ្ឋមន្ត្រីមហាផ្ទៃ លោក Laurent Nunez និងរដ្ឋមន្ត្រីអប់រំ លោក Edouard Geffray នាយប់ថ្ងៃអង្គារ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ។

នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានថ្កោលទោសអំពើហិង្សា ដោយថ្លែងប្រាប់សភាថា ការដុតបំផ្លាញសាលារៀនមិនបានជួយឱ្យស្ថានភាពអគារសិក្សាល្អប្រសើរនោះទេ និងបានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាលបានបញ្ជាឱ្យមានការ “គាបសង្កត់” លើបាតុករ។ លោកបានប្រកាសបិទវិទ្យាល័យទូទាំងប្រទេសកន្លះថ្ងៃ ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីអនុញ្ញាតឱ្យមានការពិភាក្សាតាមបែប “លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង”។

រដ្ឋាភិបាលបានចោទប្រកាន់គណបក្ស ឆ្វេងនិយម France Unbowed (LFI) ថាជាអ្នកញុះញង់លើកទឹកចិត្ត ឱ្យមានចលនានេះ ខណៈបេក្ខភាពប្រធានាធិបតីជើងចាស់ លោក Jean-Luc Melenchon បានគាំទ្រការតវ៉ាយ៉ាងពេញ ទំហឹង ប៉ុន្តែអំពាវនាវឱ្យប្រកាន់ខ្ជាប់វិធីសាស្ត្រអហិង្សា។

​
ស្របពេលគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមបញ្ចេញមតិកាលពីថ្ងៃអង្គារ ដោយបានទម្លាក់កំហុស នៃភាពចលាចលនេះទៅលើបញ្ហា “អន្តោប្រវេសន៍ទ្រង់ទ្រាយធំ” និងសាសនាឥស្លាម ដែលនេះជាការជំរុញនិទានកថា ស្តាំនិយមរបស់លោក មុនការបោះឆ្នោតពាក់កណ្តាល អាណត្តិដ៏តានតឹងនៅសហរដ្ឋអាមេរិក។

​ដោយឡែក នៅក្នុងប្រទេសបារាំង ភាពចលាចលនេះកើតឡើង មុនការបោះឆ្នោតឆ្នាំ២០២៧ ដើម្បីជ្រើសរើសអ្នកស្នងតំណែង ពីលោក ម៉ាក្រុង ខណៈដែលបេក្ខភាពស្តាំនិយមជ្រុល លោកស្រី Marine Le Pen កំពុងទទួលបានការគាំទ្រខ្ពស់ក្នុងការស្ទង់មតិ ទោះបីជាមានការផ្តន្ទាទោសពីបទពុករលួយក៏ដោយ។ 

ប្រែសម្រួល៖ គីរី

To Top