លោក អ៊ូច ភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម ៖ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋបាលខេត្តកំពង់ចាម ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ កងកម្លាំង និងថ្នាក់ដឹកនាំតាមបណ្តាស្រុក ក្រុង និងអ្នកពាក់ព័ន្ធឃាច្រើនទៀត ។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរយៈពេល ៩ ខែ ឆ្នាំនេះ លទ្ធផលនៃការបង្ក្រាបបទល្មើសនានា មានការថយចុះ ដែលលទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាពលរដ្ឋយើង ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សកម្មភាពធ្វើការផ្សព្វផ្សាយ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ អំពីចរិតបទល្មើស ដូចជាបទល្មើសឆបោក បទល្មើសសេដ្ឋកិច្ច បទល្មើសព្រហ្មទណ្ឌ ។ល។ ដែលប្រជាពលរដ្ឋបានយល់ដឹង ងាយស្រួលឱ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ចយើង ដើម្បីឈានទៅធ្វើការបង្ក្រាបបានទាន់ពេលវេលា ។ ដូច្នេះសមត្ថកិច្ចយើងត្រូវតែបន្ត ក្នុងការងារអប់រំផ្សព្វផ្សាយដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ូច ភា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះថ្នាក់ដឹកនាំខេត្ត កំពង់ចាម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង ការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដឹកនាំអនុវត្ត និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ សុំកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាម នូវការខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ លើតម្រូវការជាក់ស្ដែង របស់បងប្អូនប្រជាពលរដ្ឋរបស់យើង មកដល់ពេលនេះគឺទទួលបានលទ្ធផលល្អប្រសើរ ។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
