តម្លៃប្រេងកើនឡើង ខណៈព្យុះនៅសហរដ្ឋអាមេរិក និងការវាយប្រហារ តាមផ្លូវអាកាសរបស់ក្រុមហ៊ូទី គំរាមកំហែងដល់ការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេង បានកើនឡើងនៅថ្ងៃពុធនេះ ខណៈដែលទីផ្សារកំពុងថ្លឹងថ្លែងរវាងកត្តាពីរគឺ ការរឹតត្បិតការផ្គត់ផ្គង់ ដែលបណ្តាលមកពីព្យុះមួយដែលកំពុងឆ្ពោះទៅកាន់តំបន់ផលិតប្រេងរបស់សហរដ្ឋអាមេរិក និងការវាយប្រហាររបស់ក្រុមហ៊ូទី (Houthis) នៅយេម៉ែន ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ធៀបនឹងការកើនឡើងនៃការផ្គត់ផ្គង់ប្រេងឆៅពីមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេង Brent បានកើនឡើង ៨១ សេន ឬ ០,៨% ដល់ ១០១,៣៩ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ៦១ សេន ឬ ០,៧% ដល់ ៩០,០៥ ដុល្លារក្នុងមួយបារ៉ែល។
អ្នកព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ព្យុះមួយដែលកំពុងកកើតឡើងនៅក្នុងឈូងសមុទ្រម៉ិកស៊ិក នឹងក្លាយជាព្យុះសង្ឃរា (hurricane) ដំបូងគេប្រចាំមហាសមុទ្រអាត្លង់ទិកក្នុងឆ្នាំ ២០២៦ ក្នុងរយៈពេលពីរថ្ងៃខាងមុខ ហើយទំនងជានឹងវាយប្រហារទៅលើទីតាំងផលិតប្រេង និងឧស្ម័ន។
តំបន់នៅឈូងសមុទ្រដែលស្ថិតក្នុងគន្លងផ្លូវរបស់ព្យុះនេះ គឺជាប្រភពផលិតប្រេងឆៅចំនួន ១៥% និងឧស្ម័នធម្មជាតិចំនួន ៥% នៃការផលិតសរុបរបស់សហរដ្ឋអាមេរិក។
ប្រែសម្រួលៈ តុលា
