Feature

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមកាន់បិណ្ឌទី ១១ នៅវត្តលលកសចាស់ ក្នងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និង លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ សមាជិកាសមាគមនារីខេត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌទី១១ នៅវត្តលលកសចាស់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ បានរៀបចំចង្ហាន់ ភេសជ្ជៈ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងទីអារាមទាំងពីរ ព្រមទាំងបានអញ្ជើញរាប់បាត្រប្រគេនព្រះសង្ឃ និងចែកអំណោយជាសារុង រួមទាំងថវិកា ជូនដល់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទដែលបានអញ្ជើញមកកាន់វត្តអារាម ដើម្បីបង្កើតនូវមហាកុសលផលបុណ្យ និងបង្ហាញពីទឹកចិត្តសប្បុរសធម៌ដ៏ល្អប្រពៃ ក្នុងសង្គមជាតិយើង ។

លោកអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ និងឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ ជាពិសេសសូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខូយ សុខា អតីតអភិបាលខេត្ត និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី។

លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការអនុវត្តតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ក្នុងឱកាសអបអរសាទរបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។

លោក ខូយ រីដា ក៏បានលើកឡើងពីសមិទ្ធផល និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង «ប្រែមុខមាត់ខេត្តពោធិ៍សាត់» ក្នុងអាណត្តិដឹកនាំខេត្តរយៈពេលជិត ៤ឆ្នាំមកនេះ រហូតមានភាពល្បីរន្ទឺ និងត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យខេត្តដទៃទៀតយកគំរូតាម លើកិច្ចការងារអនាម័យបរិស្ថាន បញ្ហាសំរាម និងការដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែផ្តោតលើការរីកចម្រើនខាងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនធ្វេសប្រហែស ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបានធ្វើការអំពាវនាវដល់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ សូមបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ។ សូមអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ដើម្បីមានឱកាសចូលរួម និងយកឈ្នះសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាឆ្នាំ២០២៧ខាងមុខទាំងអស់គ្នា។

គូររំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំបំផុតរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១៥ថ្ងៃ។ ពិធីនេះមិនត្រឹមតែជារយៈកាលនៃការធ្វើទានឧទ្ទិសកុសលដល់ជនដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនូវវប្បធម៌ដ៏ផូរផង់ ការបង្ហាញពីសហគមន៍សាមគ្គីភាពដ៏រឹងមាំ និងការថែរក្សាឫសគល់ នៃប្រពៃណីព្រះពុទ្ធសាសនាដ៏យូរលង់របស់បុព្វបុរសខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរគត់មត់ដល់កូនចៅជំនាន់ក្រោយៗទៀត៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top