ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ខណៈក្តីបារម្ភអំពីការផ្គត់ផ្គង់ ពីមជ្ឈិមបូព៌ានៅតែបន្តកើតមាន ចំពេលមានការវាយប្រហារ លើការដឹកជញ្ជូនតាមផ្លូវសមុទ្រ

បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារក្តីបារម្ភជាបន្តបន្ទាប់ អំពីការផ្គត់ផ្គង់ពីតំបន់ ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ខណៈដែលមានការកើនឡើងនៃការវាយ ប្រហារលើការដឹកជញ្ជូន តាមផ្លូវសមុទ្រនៅក្នុងឈូងសមុទ្រពែក្ស និងច្រកសមុទ្រហ័រមូស (Strait of Hormuz)។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ១,៣៣ ដុល្លារ ឬ ១,៣៣% ដល់ ១០១,៥៣ ដុល្លារក្នុងមួយបារ៉ែល ចំណែកតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ១,១១ ដុល្លារ ឬ ១,២៦% ដល់ ៨៩,៣៩ ដុល្លារ។

តម្លៃប្រេងបានបិទក្នុងកម្រិតទាបជាងមុននៅថ្ងៃពុធ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានយល់ព្រមពន្លឿនការបញ្ចេញស្តុកប្រេង និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ក្រោមផែនការដែលបានដាក់ចេញ កាលពីខែមីនា ខណៈដែលរដ្ឋាភិបាលនានាព្យាយាម ដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈ ដែលឡើងដល់កម្រិតខ្ពស់បំផុត និងការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ ការគំរាមកំហែងដល់ការដឹកជញ្ជូនប្រេងនៅក្នុងឈូងសមុទ្រពែក្ស និងច្រកសមុទ្រហ័រមូស ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងប្រេងឥន្ធនៈប្រហែល ២០% នៃការផ្គត់ផ្គង់សកលមុនពេលមានសង្គ្រាម បានកើនឡើងនៅក្នុងខែតុលា ខណៈដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានអូសបន្លាយចូលដល់ខែទីប្រាំបី។
ប្រែសម្រួលៈ តុលា

To Top