ការវាយប្រហារលើ អាកាសយានដ្ឋាន អារ៉ាប៊ីសាអូឌីត បណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ ខណៈការប្រយុទ្ធគ្នា នៅយេម៉ែនកំពុងកើនកម្តៅ
បរទេស៖ អាជ្ញាធរអាកាសចរស៊ីវិល អារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃពុធថា មនុស្សចំនួន ៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ វាយប្រហារលើអាកាសយានដ្ឋានរបស់ខ្លួនចំនួនពីរផ្សេងគ្នា ដែលក្នុងនោះរួមមាន ការវាយប្រហារលើអាកាសយានដ្ឋាន អន្តរជាតិ King Khalid ក្នុងរដ្ឋធានីរីយ៉ាដ (Riyadh) បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៨ នាក់រងរបួស នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ការវាយប្រហារលើការដ្ឋាននៃអាកាសយានដ្ឋាន Abha បានបណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់ និង ២៨ នាក់រងរបួស។ ហេតុការណ៍វាយប្រហារទាំងពីរទីតាំងនេះ បានកើតឡើងតាំងពីថ្ងៃអង្គារ និងថ្ងៃពុធ ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់លម្អិតថា ទីតាំងណាមួយរងការវាយប្រហារនៅថ្ងៃណានោះទេ។ ព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែលការប្រយុទ្ធគ្នានៅប្រទេសយេម៉ែន រវាងក្រុមឧទ្ទាមហ៊ូធី (Houthis) ដែលមានការគាំទ្រពីអ៊ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត កំពុងតែមានភាពតានតឹងខ្លាំង។
កងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធជាមួយក្រុមហ៊ូធី បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារនេះ ដោយព្រមានថាទង្វើនេះ “នឹងមិនអាចរួចខ្លួនពីការផ្តន្ទាទោសឡើយ”។ នៅយប់ថ្ងៃពុធ កងកម្លាំងសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការវាយប្រហារតបតវិញ ទៅលើទីតាំងយោធារបស់ក្រុមហ៊ូធីជាង ៨០ កន្លែង នៅទូទាំងខេត្ត Saada, Hodeidah, Jawf និង Marib។
យោងតាមក្រសួងដឹកជញ្ជូនយេម៉ែនបានឱ្យដឹងថា ការវាយប្រហារលើអាកាសយានដ្ឋាននៅអារ៉ាប៊ីសាអូឌីត គឺជាផ្នែកមួយនៃស៊េរីនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍កាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ូធី ក៏បានប្រើប្រាស់មីស៊ីលផ្លោង (Ballistic missiles) និងដ្រូនបង្កប់គ្រឿងផ្ទុះ បើកការវាយប្រហារលើ អាកាសយានដ្ឋានអន្តរជាតិ Aden ក្នុងប្រទេសយេម៉ែនផងដែរ។
ប្រែសម្រួល៖ គិរី
