Feature

វិធានការក្តៅគគុក ! កម្ពុជាបណ្តេញជនជាតិថៃ១៩៧នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ និងបិទសិទ្ធិចូលស្រុកខ្មែរ ដាច់ខាត!

បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្តេញជនជាតិថៃ ចំនួន ១៩៧នាក់ (ស្រី ៧៣នាក់) ចេញពីប្រទេស និងបានប្រគល់ជូនភាគីថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីពួកគេបានអនុវត្តទោស ជាប់ពន្ធនាគាររួចរាល់ ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធអ៊ិនធឺណិត (Online Scams) និងបទល្មើសផ្សេងៗ ក្នុងខេត្តសៀមរាប។

ប្រតិបត្តិការផ្ទេរខ្លួននេះ ធ្វើឡើងក្រោមការប្រគល់-ទទួលផ្លូវការ រវាងអាជ្ញាធរភាគីទាំងពីរ ដោយមានការសម្របសម្រួលពី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត រួមជាមួយមន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារប៉ោយប៉ែត។

ជាវិធានការបន្ត អាជ្ញាធរកម្ពុជា បានបិទសិទ្ធិមិនឱ្យបុគ្គលទាំង ១៩៧នាក់នោះ ចូលស្រុកខ្មែរវិញ ឡើយក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ ដែលនេះជាការបង្ហាញពីឆន្ទៈម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top