Feature

ក្រសួងការងារ និងអង្គការដៃគូ បន្តលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពការងារ សម្រាប់បងប្អូនកម្មករ និយោជិតឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖លោក​ ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងវេទិកាកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី “កាលានុវត្តភាពទីផ្សារការងារ និងការលើកកម្ពស់សិទ្ធិ និងសុខសុវត្ថិភាពការងារចំពោះកម្មករនិយោជិតនៅកម្ពុជា” នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ វេទិកាដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិការងារ សហការជាមួយអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិល សហជីព និយោជក ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ សរុបជាង ២០០នាក់ ។

វេទិកានេះមានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចការងាររបស់និយោជក និងកម្មករនិយោជិត ចែករំលែកព័ត៌មានអំពីនិន្នាការទីផ្សារការងារ ពង្រឹងការអនុវត្តច្បាប់ការងារ ផ្សព្វផ្សាយសេវា និងអត្ថប្រយោជន៍របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ព្រមទាំងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ។ វេទិកានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាស និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិតផងដែរ។

ថ្លែងក្នុងពិធីបើកលោក​ ងុយ រិទ្ធ បានគូសបញ្ជាក់ថា វេទិកានេះឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព និយោជក និងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិត។ ក្រសួងបន្តប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ស្របតាមអនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើការពង្រឹងស្ថិរភាពទីផ្សារការងារ ការបង្កើនការងារក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការគ្រប់គ្រងការវិលត្រឡប់របស់ពលករ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ជូនប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា ក្រសួងបានពង្រីកការអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ និងពង្រឹងភាពធន់នៃជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងបន្តជំរុញកម្មវិធីជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រាប់គោលដៅ ១,៥ លាននាក់ ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ការភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលជាមួយវិស័យឯកជន និងកិច្ចសហការជាមួយដៃគូ ដើម្បីបង្កើនឱកាសការងារសម្រាប់យុវជន។

លោក​ ងុយ រិទ្ធ បានបង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហការជាមួយអង្គការ គ.ស.ក. អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនទីផ្សារការងារដែលមានបរិយាបន្ន ប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ការងារ ការត្រួតពិនិត្យលក្ខខណ្ឌការងារ និងការដោះស្រាយបញ្ហាប្រឈមរបស់កម្មករនិយោជិតឱ្យបានទាន់ពេលវេលា។

នាឱកាសនេះ លោកស្រី លុយ ធារី នាយិកាប្រតិបត្តិស្តីទី អង្គការ គ.ស.ក. បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ៕

To Top