កីឡាករជម្រើសជាតិឡាវម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរៀបចំលទ្ធផលការប្រកួតសម្រាប់បណ្តាញភ្នាល់ ក្នុងព្រឹត្តិការណ៍ ASEAN Championship
បរទេស៖ កីឡាករជម្រើសជាតិឡាវម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរៀបចំលទ្ធផលការប្រកួត ក្នុងព្រឹត្តិការណ៍ ASEAN Championship។
យោងតាមផេកហ្វេសប៊ុក ASEAN FOOTBALL បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះថា យោងតាមសារព័ត៌មាន The Guardian កីឡាករជម្រើសជាតិឡាវឈ្មោះ Soukphachan Lueanthala ដែលជាខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Salavan United ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរៀបចំលទ្ធផលការប្រកួតក្នុងព្រឹត្តិការណ៍ ASEAN Championship ឆ្នាំ ២០២៦។

កីឡាកររូបនេះត្រូវបានសង្ស័យថាបានជួយសម្របសម្រួលការរៀបចំលទ្ធផលការប្រកួត ដោយមានទំនាក់ទំនងជាមួយបណ្តាញភ្នាល់មួយដែលគេជឿថាមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម។
សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានបញ្ជាក់នៅថ្ងៃទី ៧ ខែសីហាថា ខ្លួនបានបើកការស៊ើបអង្កេតលើករណីសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ (ការសូកប៉ាន់) ការលេងល្បែងស៊ីសងខុសច្បាប់ និងការរៀបចំលទ្ធផលការប្រកួត មុនពេលបញ្ជូនសំណុំរឿងនេះទៅកាន់ប៉ូលិស។
សូមរំលឹកថា ក្រុមជម្រើសជាតិឡាវបានចាញ់ការប្រកួតទាំងអស់ចំនួន ៤ ប្រកួតក្នុងវគ្គចែកពូល៖ ថៃ ៥–០ ឡាវ , ម៉ាឡេស៊ី ៤–០ ឡាវ, ហ្វីលីពីន ៤–១ ឡាវ, មីយ៉ាន់ម៉ា ៧–២ ឡាវ ។
សារព័ត៌មាន The Guardian បានរាយការណ៍ថា Lueanthala កំពុងស្ថិតក្រោមការឃាត់ខ្លួន ទោះបីជាការចាប់ខ្លួនរូបគេមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការដោយ LFF ឬប៉ូលិសឡាវក៏ដោយ។
ការចោទប្រកាន់ទាំងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយមិនទាន់មានការរាយការណ៍អំពីការរកឃើញថាមានកំហុសនៅឡើយទេ។
ប្រែសម្រួល: តុលា
