អន្ទាក់បំណុលគ្រួសារនៅថៃ បង្កជាបញ្ហាប្រឈមដល់មហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ច ខណៈទីក្រុងបាងកកធ្វើជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំ IMF
បរទេស៖ អ្នកស្រី Kavita Wongyakasem ម្ចាស់អាជីវកម្មជនជាតិថៃវ័យ ៥១ ឆ្នាំ មានការព្រួយបារម្ភថា គាត់អាចនឹងស្លាប់មុនពេលសងបំណុលទាំងអស់របស់គាត់រួចរាល់។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ស្ត្រីមេម៉ាយដែលមានកូនពីរនាក់រូបនេះជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុចំនួន ៧ ចំនួន ១០ លានបាត ស្មើនឹង ២៩៨,០០០ ដុល្លារអាមេរិក និងជំពាក់បន្ថែមចំនួន ២,១ លានបាតទៀតដល់អ្នកឱ្យខ្ចីប្រាក់ក្រៅប្រព័ន្ធ ដែលចំនួននេះបានកើនឡើងពីចំនួនសរុប ៨ លានបាតកាលពី ៣ ឆ្នាំមុន នៅពេលដែលទីភ្នាក់ងារព័ត៌មាន Reuters បានសម្ភាសគាត់ជាលើកដំបូង។
បន្ទុកបំណុលគ្រួសារដ៏ធ្ងន់ធ្ងរនេះ កំពុងក្លាយជាសញ្ញាព្រមានមួយសម្រាប់មហិច្ឆតាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅចំពេលដែលសម្ពាធអតិផរណាក៏កំពុងកើនឡើងផងដែរ។ បំណុលគ្រួសារជាមធ្យមនៅទូទាំងប្រទេសថៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ ដែលវាបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងដើរយឺតជាងប្រទេសជិតខាងនៅក្នុងតំបន់។
អ្នកស្រី Kavita ដែលក្រុមហ៊ុនរបស់គាត់ផ្តល់សេវាកម្មដល់ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ថៃ បាននិយាយទាំងទឹកភ្នែកហូរពេញផ្ទៃមុខថា «អាជីវកម្មនេះបន្តខាតបង់ប្រាក់ចន្លោះពី ៤០,០០០ ទៅ ៥០,០០០ បាតក្នុងមួយខែ ដូច្នេះខ្ញុំត្រូវតែរកប្រាក់ដើម្បីយកមកសងបំណុល»។
គាត់បានបន្ថែមទៀតថា៖ «តើខ្ញុំអាចធ្វើអ្វីផ្សេងទៀតបានដើម្បីរស់រានមានជីវិត?» ដោយគាត់បានពន្យល់ថា គាត់បានប្រើប្រាស់ប្រាក់កម្ចីទាំងនោះដើម្បីផ្គត់ផ្គង់គ្រួសារ និងអាជីវកម្មខ្នាតតូចរបស់គាត់ រួមទាំងការបង់រំលស់ផ្ទះដែលមានតម្លៃ ៣ លានបាតផងដែរ។
ប្រែសម្រួលៈ តុលា
