មេដឹកនាំក្រុមហ៊ូធី ជំរុញឱ្យតួកគី និងប៉ាគីស្ថាន កុំពាក់ព័ន្ធនឹងជម្លោះនៅយេម៉ែន
សាណា៖ មេដឹកនាំក្រុមហ៊ូធី របស់យេម៉ែន លោក Abdul-Malik al-Houthi បានជំរុញឱ្យតួកគី និងប៉ាគីស្ថាន កុំឱ្យធ្លាក់ចូលទៅក្នុងជម្លោះនៅយេម៉ែន ដោយឈរខាងអារ៉ាប៊ីសាអូឌីត ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ហើយទីក្រុងរីយ៉ាដ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសទាំងពីរ។
នៅក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី លោក al-Houthi បានកោតសរសើរ ចំពោះសំឡេងនានានៅក្នុងប្រទេសតួកគី និងប៉ាគីស្ថាន ដែលលោកបានលើកឡើងថា បានប្រឆាំងនឹងរាល់ការប៉ុនប៉ងណាមួយក្នុងការទាញប្រទេសរបស់ពួកគេឱ្យចូលរួមក្នុងយុទ្ធនាការយោធារបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន។
លោកបានលេីកឡេីងថា «ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះសំឡេងនានានៅក្នុងប្រទេសតួកគី និងប៉ាគីស្ថាន ដែលបដិសេធមិនព្រមឱ្យគេទាញចូលទៅក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងយេម៉ែន» ដោយមិនបានបញ្ជាក់ពីក្រុម ឬមន្ត្រីជាក់លាក់ណាមួយនៅក្នុងប្រទេសទាំងពីរនោះទេ។
នៅក្នុងនោះដែរលោកក៏បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា បានបង្កើនប្រតិបត្តិការយោធា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងពីមុនមកក៏ដោយ។
លោកបានបន្ថែមថា ការចរចាជាមួយអារ៉ាប៊ីសាអូឌីតបានឈានដល់ផ្លូវទាល់ច្រក ដោយប្រកាសថា «ទាំងការចរចា និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត សុទ្ធតែមិនទទួលបានលទ្ធផល» ខណៈពេលដែលចោទប្រកាន់ទីក្រុងរីយ៉ាដ ថាបន្តរក្សាការរឹតបន្តឹងលើ «ព្រលានយន្តហោះ ការនាំចូល និងធនធានសេដ្ឋកិច្ចរបស់យេម៉ែន»៕
