ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានអំពីសន្តិសុខថាមពល នៅអាស៊ីអាគ្នេយ៍
បរទេស៖ ដោយមើលឃើញពីហានិភ័យដែលកំពុងកើនឡើង ចំពោះការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់បង្កើនការចែករំលែកអគ្គិសនីជាមួយគ្នា។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ការធ្វើឧស្សាហូបនីយកម្ម ការរីកចម្រើននៃទីក្រុងយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរស់នៅដែលកាន់តែប្រសើរឡើង គឺជាកត្តាជំរុញឱ្យមានតម្រូវការថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការប្រើប្រាស់ថាមពលជាមធ្យមក្នុងម្នាក់ៗនៅក្នុងតំបន់នេះបានកើនឡើងជិត ៣០%។ វាត្រូវបានគេព្យាករណ៍ថា នៅត្រឹមឆ្នាំ ២០៣០ តម្រូវការនឹងកើនឡើងក្នុងអត្រាមធ្យម ៥,៤% ក្នុងមួយឆ្នាំ ដែលភាគច្រើនគឺសម្រាប់ប្រព័ន្ធត្រជាក់ មជ្ឈមណ្ឌលទិន្នន័យ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម។
ទោះជាយ៉ាងណាក៏ដោយ IEA បានវាយតម្លៃថា តំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងស្ថានភាពលំបាកមួយ ដោយសារតែការកើនឡើងនៃថ្លៃថាមពល។ នៅពេលដែលជម្លោះជាមួយប្រទេសអ៊ីរ៉ង់ឈានចូលដល់ខែទី ៧ ស្ថាប័ននេះបានព្រមានថា សន្តិសុខ ថាមពលក្នុងតំបន់នឹងជួបបញ្ហាធ្ងន់ធ្ងរជាងមុន ដោយសារតម្រូវការអគ្គិសនី កើនឡើងលឿនជាងអត្រានៃការពង្រីកការផ្គត់ផ្គង់។
លោក Fatih Birol នាយកប្រតិបត្តិរបស់ IEA បានមានប្រសាសន៍ថា ៖ «អាស៊ីអាគ្នេយ៍គឺជាតំបន់មួយ ដែលមានសកម្មភាពសេដ្ឋកិច្ចយ៉ាងរស់រវើកបំផុត នៅលើពិភពលោក ជាមួយនឹងតម្រូវការ ថាមពលដែលកំពុងកើនឡើង ដើម្បីគាំទ្រដល់កំណើន ប៉ុន្តែតំបន់នេះក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ ចំពេលដែលមានភាពមិនច្បាស់លាស់ ផ្នែកថាមពលជាសកល»។
ប្រែសម្រួលៈ តុលា
