Feature

សិស្សវិទ្យាល័យបារាំងធ្វើបាតុកម្មទូទាំងប្រទេស ទាមទារកែលម្អប្រព័ន្ធអប់រំ និងដោះស្រាយបញ្ហាកង្វះគ្រូ

ម៉ាកសី/ប៉ារីស៖ ក្រុមក្មេងជំទង់ និងសិស្សវិទ្យាល័យបារាំងបានបិទច្រកចូលសាលាមួយចំនួន ព្រមទាំងបានដើរក្បួនតាមដងផ្លូវក្នុងទីក្រុងនានាកាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋាភិបាលបានសន្យាថានឹងដោះស្រាយការតវ៉ារបស់ពួកគេជុំវិញកង្វះគ្រូបង្រៀន និងអគារសិក្សាទ្រុឌទ្រោម ប៉ុន្តែមិនទាន់បានបង្ហាញពីវិធានការលម្អិតជាក់លាក់នៅឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន  Reuter ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​ចលនាបាតុកម្មដែលឈានចូលសប្តាហ៍ទី ៣ នេះ បានឆ្លុះបញ្ចាំងពីភាពតានតឹងយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសបារាំង រវាងការទាមទាររបស់សាធារណជនឱ្យមានការវិនិយោគលើសេវាសាធារណៈដែលកំពុងធ្លាក់ចុះ និងរដ្ឋាភិបាលដែលកំពុងខ្វះខាតថវិកា ក្រោមសម្ពាធពីទីផ្សារមូលបត្របំណុលក្នុងការកាត់បន្ថយបំណុល និងឱនភាពថវិការដ្ឋ។

​អ្នកគ្រូបង្រៀននៅវិទ្យាល័យម្នាក់ឈ្មោះ Diane Di Sciullo បានចូលរួមជាមួយសិស្សានុសិស្សក្នុងការដើរក្បួនដ៏ធំមួយនៅទីក្រុងម៉ាកសី (Marseille) ដោយបានលើកឡើងថា អ្វីដែលពួកគេចង់បានគឺការអប់រំត្រឹមត្រូវក្នុងលក្ខខណ្ឌសមរម្យតែប៉ុណ្ណោះ។

 អ្នកគ្រូវ័យ ២៨ ឆ្នាំរូបនេះ បានរិះគន់លើស្ថានភាពចង្អៀតណែននៅក្នុងថ្នាក់ ដោយបញ្ជាក់ថាឆ្នាំនេះថ្នាក់រៀនរបស់គាត់មានសិស្សរហូតដល់ ៣៧ នាក់ ហើយបានកាន់បដាមួយដែលមានខ្លឹមសារថា៖ «ខ្ញុំជាគ្រូបង្រៀន ហើយសិស្សរបស់ខ្ញុំត្រូវជួយខ្ញុំចាប់សត្វកន្លាតនៅក្នុងថ្នាក់»។ អ្នកគ្រូបានបន្ថែមទៀតថា៖ «រៀងរាល់ម៉ោងចាប់ផ្ដើមបង្រៀន ខ្ញុំត្រូវឱ្យសិស្សទៅរកមើលតុ និងកៅអីទំនេរពីបន្ទប់ជាប់គ្នា ដើម្បីឱ្យពួកគេមានកន្លែងអង្គុយរៀន»។

​ទិន្នន័យពីក្រសួងអប់រំបារាំងបានបង្ហាញថា ចំនួនសាលាដែលរងការបិទច្រកចូលបានថយចុះជាបណ្តើរៗ ដោយមានសាលាចំនួន ២២៤ ត្រូវបានបិទនៅពេលព្រឹក និងថយចុះមកត្រឹម ១៥៧ នៅពេលថ្ងៃត្រង់ ពោលគឺស្មើនឹង ៩៦% នៃសាលារៀនទូទាំងប្រទេសនៅតែបើកដំណើរការជាធម្មតា។

​ហ្វូងបាតុករយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅរដ្ឋធានីប៉ារីស និងតាមបណ្តាទីក្រុងនានាទូទាំងប្រទេស ចាប់ពីទីក្រុង Lille នៅភាគខាងជើង រហូតដល់ទីក្រុង Rennes និង Nantes នៅភាគខាងលិច ព្រមទាំងទីក្រុង Toulon និង Marseille នៅភាគខាងត្បូង។ បាតុកម្មភាគច្រើនបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករបានកើតឡើងនៅតំបន់មួយចំនួនក្នុងទីក្រុងប៉ារីស និង Nantes ខណៈដែលប៉ូលិសបានបើកការបង្ក្រាប និងប្រើប្រាស់រថយន្តបាញ់ទឹកនៅទីក្រុង Rennes។

​រដ្ឋមន្ត្រីក្រសួងអប់រំ លោក Edouard Geffray បានថ្លែងបន្ទាប់ពីជំនួបជាមួយសិស្សានុសិស្ស និងគ្រូបង្រៀននៅទីក្រុង Reims ថា លោកកំពុងដាក់ចេញនូវផែនការបន្ទាន់មួយ ដើម្បីធានាឱ្យមានគ្រូបង្រៀនជំនួសសម្រាប់គ្រូដែលអវត្តមាន ព្រមទាំងកំពុងពិនិត្យឡើងវិញនូវកាលវិភាគសិក្សាដែលផ្ទុកបន្ទុកច្រើនពេកផងដែរ។ ជាទូទៅ ក្មេងជំទង់បារាំងតែងតែមានម៉ោងសិក្សាចាប់ពីម៉ោង ៨ ព្រឹក ដល់ ៦ ល្ងាច អមដោយកិច្ចការផ្ទះជាច្រើនបន្ថែមទៀត។

 លើសពីនេះ លោក Geffray ក៏បានបញ្ជាក់ផងដែរថា លោកកំពុងរៀបចំកែលម្អប្រព័ន្ធ Parcoursup ដែលជាវេទិកាអនឡាញជាតិសម្រាប់ការដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ បន្ទាប់ពីទទួលរងការរិះគន់យ៉ាងទូលំទូលាយថាមានភាពស្មុគស្មាញ និងបង្កសម្ពាធដល់បេក្ខជន។

​កាលពីល្ងាចថ្ងៃពុធ នាយករដ្ឋមន្ត្រី Sébastien Lecornu បានសន្យាថារដ្ឋាភិបាលនឹងដាក់ចេញនូវ «ដំណោះស្រាយជាក់ស្តែង ឆាប់រហ័ស និងមានថវិកាទ្រទ្រង់ពេញលេញ» នៅចុងខែតុលានេះ ដើម្បីឆ្លើយតបនឹងការតវ៉ា ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ក៏ដោយ។

​យ៉ាងណាក្តី មេដឹកនាំក្រុមបាតុករសិស្សបានចាត់ទុកការសន្យានេះថានៅមិនទាន់គ្រប់គ្រាន់ឡើយ ហើយបានអំពាវនាវឱ្យមានការដើរក្បួនបន្តទៀតនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ស្របពេលដែលមានការអំពាវនាវតាមបណ្តាញអនឡាញឱ្យធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅថ្ងៃទី ១៧ ខែតុលាខាងមុខផងដែរ។

 លោក Ryad Rani មេដឹកនាំសហជីពសិស្សម្នាក់ បានលើកឡើងថា៖ «ការទាមទាររបស់យើងត្រូវតែទទួលបានការស្តាប់។ កាលពីម្សិលមិញ អ្វីដែលលោក Lecornu និយាយ គឺគ្រាន់តែជាពាក្យសន្យាខ្យល់តែប៉ុណ្ណោះ»៕

ប្រែសម្រួល៖ គីរី

To Top