Feature

លោក Ferdinand Marcos Jr៖ កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់វិស័យ AI និងសេដ្ឋកិច្ចក្នុងតំបន់

​សិង្ហបុរី៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលា ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាប្រវត្តិសាស្ត្រនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នាខែវិច្ឆិកាខាងមុខ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់បណ្តាប្រទេសក្នុងតំបន់អនុវត្តតាម ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​ថ្លែងក្នុងកិច្ចសន្ទនាជាមួយលោក Steve Forbes ប្រធាន និងជានិពន្ធនាយកនៃ Forbes Media ក្នុងសន្និសីទសកល Forbes Global CEO Conference នៅប្រទេសសិង្ហបុរី លោក Marcos បានសង្កត់ធ្ងន់ថា ការពិភាក្សាជុំវិញឧស្សាហកម្មសំខាន់ៗដូចជា AI មិនអាចកំណត់ត្រឹមតែ «តំបន់មួយ ឬវិស័យមួយ» នោះឡើយ។

​លោកប្រធានាធិបតីបានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះព្យាយាមរៀបចំផែនទីបង្ហាញផ្លូវ និងជាការណែនាំអំពីអ្វីដែលយើងចង់សម្រេចបាន របៀបដែលបណ្តាប្រទេសនានានឹងចូលរួមបំពេញតួនាទីរៀងៗខ្លួន និងរបៀបដែលកិច្ចការទាំងនេះផ្សារភ្ជាប់ជាមួយពិភពលោកទាំងមូល»។

​ហ្វីលីពីនដែលជាប្រធានប្តូរវេនអាស៊ាន បានបញ្ចប់ការចរចាលើ «កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន» (DEFA) កាលពីខែឧសភាកន្លងទៅ។ កិច្ចព្រមព្រៀង DEFA ដែលត្រូវបានប្រកាសដំបូងក្នុងឆ្នាំ ២០២៣ នេះ មានគោលដៅបង្កើតវិធាននិងក្របខ័ណ្ឌរួម ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឌីជីថល គាំទ្រដល់ការផ្ទេរទិន្នន័យឆ្លងដែនប្រកបដោយទំនុកចិត្ត ពង្រឹងការទូទាត់បែបឌីជីថល និងបង្កើនការការពារអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ។

​លោក Marcos បានរំឭកថា កាលពីហ្វីលីពីនចាប់ផ្តើមទទួលតំណែងជាប្រធានអាស៊ាន លោកបានកត់សម្គាល់ឃើញថា ប្លុកនេះមិនសូវបានពិភាក្សាច្រើនអំពី AI នោះទេ ហេតុនេះលោកបានយកគំនិតបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) មកអនុវត្តស្រដៀងគ្នាចំពោះវិស័យ AI។

ឆ្លើយតបនឹងសំណួររបស់លោក Forbes អំពីបញ្ហាពន្ធគយ លោក Marcos បានបញ្ជាក់ថា ហ្វីលីពីនត្រូវតែ «ត្រៀមខ្លួនដោះស្រាយរាល់អ្វីដែលកើតឡើង» ទោះជាពន្ធគយនោះដាក់ចេញដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬអង្គភាពផ្សេងទៀតក៏ដោយ។

​កាលពីខែកក្កដា សហរដ្ឋអាមេរិកបានដកហូតពន្ធថ្មី ១២.៥% លើការនាំចេញរបស់ហ្វីលីពីន បន្ទាប់ពីប្រធានាធិបតី Donald Trump បានអនុម័តវិធានការលើដៃគូពាណិជ្ជកម្មនានា។ សហរដ្ឋអាមេរិក គឺជាដៃគូនាំចេញធំបំផុតរបស់ហ្វីលីពីន ដោយស្មើនឹង ១៥.៩% នៃការនាំចេញសរុបរបស់ប្រទេសនេះក្នុងឆ្នាំ ២០២៥។

​លោក Marcos បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មគឺជាកត្តាស្នូលនៃសេដ្ឋកិច្ចជោគជ័យ ហើយហ្វីលីពីននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម៖ «មិនថាការកែសម្រួល ការចរចា កិច្ចព្រមព្រៀង ឬការសម្រុះសម្រួលបែបណាដែលយើងត្រូវធ្វើនោះទេ ចូរយើងធ្វើវា ដើម្បីធានាថាពាណិជ្ជកម្មនៅតែបន្តត្រូវបានលើកទឹកចិត្ត»។

​ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងវឌ្ឍនភាពនៃក្រមប្រតិបត្តិ (Code of Conduct – COC) រវាងអាស៊ាន និងចិន លោក Marcos បានលើកឡើងថា ភាគីពាក់ព័ន្ធកំពុងសម្រេចបាន «វឌ្ឍនភាពល្អ» ប៉ុន្តែលោកមិនបានលម្អិតបន្ថែមលើការចរចានោះទេ។

​លោកបានថ្លែងថា៖ «យើងត្រូវតែរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ មិនត្រឹមតែសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។ ដូច្នេះហើយ ទើបក្រមប្រតិបត្តិនេះមានសារៈសំខាន់ជាពិសេស ហើយជាមូលហេតុដែលយើងនៅតែបន្តមានសុទិដ្ឋិនិយម»។

​លោក Marcos ក៏បានសម្តែងការព្រួយបារម្ភផងដែរថា កំហុសឆ្គងណាមួយពីបុគ្គលិកនៅទីតាំងផ្ទាល់ អាចបណ្តាលឱ្យមានរឿងរ៉ាវ «ដែលមិនអាចគ្រប់គ្រងបាន» ប៉ុន្តែលោកបានបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តក្នុងការឈានទៅរកកិច្ចព្រមព្រៀង និងការបន្ថយកម្តៅស្ថានការណ៍។

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនកំពុងបំពេញទស្សនកិច្ចផ្លូវការលើកទី ៥ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែតុលា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តក្នុងតំបន់ ព្រមទាំងចូលរួមទស្សនាព្រឹត្តិការណ៍ Formula 1 Singapore Grand Prix ផងដែរ៕

ប្រែសម្រួល៖ គីរី 

To Top