Feature

ត្រូវ​គេ​លក់ ៣ ដង​ក្នុង​រយៈពេល ៤ ថ្ងៃ៖ ព័ត៌មាន​លម្អិត​ថ្មី​ជុំវិញ​ករណី​តារា​សម្ដែង​ចិន Wang Xing ធ្លាក់​ក្នុង​សម្បុក​ឆបោក​នៅ​មីយ៉ាន់ម៉ា

​ប៉េកាំង៖ តារា​សម្ដែង​ចិន លោក Wang Xing ត្រូវ​បាន​គេ​លក់​បន្ត​រហូត​ដល់ ៣ ដង ក្នុង​រយៈពេល​ត្រឹម​តែ ៤ ថ្ងៃ បន្ទាប់​ពី​ត្រូវ​បាន​គេ​ជួញដូរ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​លាតត្រដាង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​បង្ហាញ​លម្អិត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុង​ប៉េកាំង ក្នុង​ការ​បង្ក្រាប​បណ្ដាញ​ឆបោក​ទ្រង់ទ្រាយ​ធំ​តាម​បណ្ដោយ​ព្រំដែន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន  CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ក៏​បាន​ទម្លាយ​ផង​ដែរ​ថា អាជ្ញាធរ​ចិន​ធ្លាប់​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ត្រកូល​ឧក្រិដ្ឋជន​ដ៏​មាន​ឥទ្ធិពល​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​ចំនួន ៣ លើក ឱ្យ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​របស់​ពួកគេ មុន​ពេល​ឈាន​ដល់​ការ​បើក​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​កាល​ពី​ឆ្នាំ ២០២៣។

​ភាពយន្ត​ឯកសារ​មាន ៣ ភាគ ដែល​មាន​ចំណងជើង​ថា «The Demise Of Telecom Fraud In Northern Myanmar» (ការ​ដួលរលំ​នៃ​បទល្មើស​ឆបោក​ទូរគមនាគមន៍​នៅ​ភាគ​ខាង​ជើង​មីយ៉ាន់ម៉ា) ត្រូវ​បាន​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ CCTV ចាប់​ពី​ថ្ងៃ​ចន្ទ (៥ តុលា) ដល់​ថ្ងៃ​ពុធ។ កម្មវិធី​នេះ​ត្រូវ​បាន​សហការ​ផលិត​ឡើង​ដោយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន និង​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន (China Media Group)។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដឹកនាំ​យុទ្ធនាការ​ដាក់​សម្ពាធ​អន្តរជាតិ ដើម្បី​បង្ក្រាប​សម្បុក​ឆបោក​នានា​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បាន​កាត់​ទោស និង​រហូត​ដល់​ប្រហារជីវិត​សមាជិក​បណ្ដាញ​ឧក្រិដ្ឋកម្ម ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្បួង​ពលរដ្ឋ​ចិន​ទៅ​ក្រៅ​ប្រទេស រួច​លក់​ពួកគេ​ចូល​ទៅ​កាន់​ទីតាំង​ឆបោក​ទាំងនោះ។

​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ថ្មី​អំពី​ទុក្ខវេទនា​របស់​លោក Wang។ តារា​រូប​នេះ​ត្រូវ​បាន​គេ​ល្បួង​ឱ្យ​ទៅ​ប្រទេស​ថៃ ក្រោម​លេស​ថា​មាន​ការងារ​សម្ដែង​ភាពយន្ត មុន​ពេល​ត្រូវ​បាន​គេ​ចាប់​ពង្រត់ និង​នាំ​ខ្លួន​ឆ្លង​ដែន​ទៅ​កាន់​ទីក្រុង Myawaddy ជាប់​ព្រំដែន​មីយ៉ាន់ម៉ា។

​លោក Wang ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​ឈ្មោះ​សិល្បៈ​ថា Xing Xing ធ្លាប់​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ចិន​ជាច្រើន និង​ដើរ​តួ​បន្ទាប់បន្សំ​ក្នុង​ខ្សែ​ភាពយន្ត​ល្បីៗ រួម​ទាំង​រឿង Ip Man 3 ផង​ដែរ។ ការ​បាត់​ខ្លួន​របស់​លោក​កាល​ពី​ឆ្នាំ ២០២៥ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​និង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ថៃ។

​កាល​ពី​ចុង​ឆ្នាំ ២០២៤ លោក Wang បាន​ប្រទះ​ឃើញ​ការ​ប្រកាស​ជ្រើសរើស​តួសម្ដែង (casting call) មួយ​នៅ​ក្នុង​គ្រុប WeChat ពី​គណនី​ឈ្មោះ «Yan Shiliu» ដែល​បាន​អះអាង​ថា​ខ្លួន​ជា​ជំនួយការ​អ្នក​ដឹកនាំ​រឿង​កំពុង​ស្វែងរក​តួសម្ដែង។

​បន្ទាប់​ពី​បាន​ដាក់​វីដេអូ​សាកល្បង​សម្ដែង (audition) រួច​មក លោក Wang ត្រូវ​បាន​គេ​ជូន​ដំណឹង​យ៉ាង​ឆាប់រហ័ស​ថា​លោក​ត្រូវ​បាន​ជ្រើសរើស។

​ខ្សែ​ភាពយន្ត​ឯកសារ​បាន​បញ្ជាក់​ថា ដើម្បី​បង្កើត​ទំនុក​ចិត្ត​ឱ្យ​កាន់​តែ​ច្បាស់លាស់ បុគ្គល​ឈ្មោះ Yan នោះ​ថែម​ទាំង​បាន​រៀបចំ​សំបុត្រ​យន្តហោះ​ទៅ​មក​ពី​សៀងហៃ​ទៅ​បាងកក ព្រម​ទាំង​កក់​សណ្ឋាគារ​ស្នាក់នៅ​ឱ្យ​លោក​រួច​ជាស្រេច​ថែម​ទៀត​ផង។

​លុះ​ដល់​ពេល​លោក Wang ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ (Suvarnabhumi) ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ២០២៥ លោក​ក៏​ត្រូវ​បាន​ទទួល​ដោយ​អ្នក​បើកបរ​ម្នាក់ ដែល​ត្រូវ​បាន​រៀបចំ​ទុកជាមុន​ដោយ​បុគ្គល​ឈ្មោះ Yan នោះ។

ប្រែសម្រួល៖ គីរី 

To Top