ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា សហការរួមគ្នាអនុវត្តគម្រោង៣ ក្រោមក្របខណ្ឌគម្រោងដែលមានឥទ្ធិពលរហ័ស
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា សហការរួមគ្នាអនុវត្តគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects) ជួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

លោក ហួត ហាក់ រដ្ឋមន្រ្តី នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) ចំនួន៣សំខាន់ៗ និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ ទ្វេភាគីកម្ពុជា និងឥណ្ឌា ឱ្យកាន់តែសកម្មសម្រាប់ឆ្នាំថ្មីខាងមុខ នាទីស្តីការក្រសួង។

ជំនួបពិភាក្សាប្រកបដោយផ្លែផ្កាជាលើកទី៣ ឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ ពីជំហរបន្តគាំទ្រ ដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនូវគម្រោងជំនួយទាំង៣ ក្រោមក្របខណ្ឌគម្រោង ដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រ ដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជា លើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈការផ្តល់នូវជំនួយអភិវឌ្ឍសម្រាប់គម្រោង ដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) លើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍ អេកូទេសចរណ៍ផាត់សណ្ដាយ នៃខេត្តកំពង់ធំ, នៅសហគមន៍ អេកូទេសចរណ៍ទួលព័ន្ធតាឡីបឹងស្នេហ៍ នៃខេត្តព្រៃវែង ព្រមទាំងគម្រោងអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃ (Mobile App) ដើម្បីលើកកម្ពស់ផ្សព្វផ្សាយ ពីសក្ដានុពល និងផលិតផល នៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសក្រោមការគ្រប់គ្រង របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ នឹងសហការរួមគ្នាជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការងារបន្តតាមផែនការដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បបិទបញ្ចប់ គម្រោងទាំង៣ខាងលើ ឱ្យបានជោគជ័យ និងប្រកបដោយផ្លែផ្កាដល់ប្រជាជន ក្នុងសហគមន៍ទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជ។ ពីការត្រៀមលក្ខណៈជាស្រេច របស់វិស័យឯកជនរបស់កម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងជាមួយការហោះហើរត្រង់ រវាងទីក្រុង Kolkata និងខេត្តសៀមរាបឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕


