លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកានោះទេ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ អំពីការបញ្ចប់សង្គ្រាមដែលមានរយៈពេល ៦ ខែមកនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «យើងកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ យើងនឹងមិនវាយប្រហារអ៊ីរ៉ង់នៅពេលណាមួយមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែវិច្ឆិកានោះឡើយ»។
សង្គ្រាមដែលបានចាប់ផ្តើមនៅខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ បានធ្វើឱ្យកម្រិតនៃការពេញចិត្តរបស់ប្រជាជនក្នុងស្រុកចំពោះលោក ត្រាំ ធ្លាក់ចុះ ហើយក៏កំពុងបង្កជាសម្ពាធយ៉ាងខ្លាំងដល់សមាជិកបក្សសាធារណរដ្ឋដូចគ្នា ខណៈដែលពួកគេកំពុងព្យាយាមរក្សាសំឡេងភាគច្រើនដ៏ប្រផិតប្រផើយរបស់ខ្លួននៅក្នុងស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា។
យោងតាមការស្ទង់មតិថ្មីៗរបស់ Reuters/Ipsos បានបង្ហាញថា ប្រជាជនអាមេរិកប្រហែល ៦០% រួមទាំងសមាជិកបក្សសាធារណរដ្ឋម្នាក់ក្នុងចំណោមបួននាក់ មិនពេញចិត្តនឹងរបៀបដែលលោក ត្រាំ ដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ។ ជម្លោះនេះបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំង នៅពេលដែលអ្នកបោះឆ្នោតលើកឡើងថា កង្វល់ចម្បងរបស់ពួកគេគឺបញ្ហាថ្លៃចំណាយសម្រាប់ការរស់នៅ។
លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោករំពឹងថាតម្លៃប្រេងនឹងធ្លាក់ចុះបន្ទាប់ពីការបោះឆ្នោត ប៉ុន្តែលោកមិនបានបង្ហាញផែនការលម្អិតណាមួយសម្រាប់ការដកខ្លួនចេញពីសង្គ្រាមនេះទេ។
ប្រែសម្រួលៈ តុលា
