លោក ខូយ រីដា ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនៅទិសទី៤ យោធភូមិភាគ៥ ក្នុងឱកាស ភ្ជុំបិណ្ឌ
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅកងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០១ ទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា ស្រុកវាលវែង ប្រកបដោយការយកចិត្តទុកដាក់ និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ជាមួយវីរកងទ័ពកម្ពុជា សមរភូមិមុខដ៏អង់អាចក្លាហាន។

ជំនួយដែលបាននាំយកទៅឧបត្ថម្ភ រួមមាន នំអន្សមជ្រូក នំអន្សមចេក ការ៉ុត ស្ពៃក្តោប ត្រឡាច ខ្ទឹមបារាំង សាច់ជ្រូក សាច់គោ អង្ករ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោក ខូយ រីដា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនដល់វីរកងកម្លាំងជួរមុខ និងបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។

លោកអភិបាលខេត្តបានលើកឡើងថា ការជួយឧបត្ថម្ភ និងការផ្គត់ផ្គង់ទាំងសម្ភារៈ ថវិកា និងស្មារតីដល់កងកម្លាំងជួរមុខ នឹងបន្តធ្វើទៅតាមតម្រូវការជាក់ស្តែង ដើម្បីរួមចំណែកគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។


ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំដល់កងកម្លាំងទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសក្នុងរដូវភ្លៀងធ្លាក់ ដើម្បីជៀសវាងជំងឺផ្សេងៗ និងបន្តបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់ដោយ÷ធឿន/ដើមអម្ពិល
