សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំកំពូល លើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ច ការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ និងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន នឹងអញ្ជើញអម សម្តេចធិបតី នាយករដ្ឋមន្ត្រី។ សមាជិកមួយចំនួននៃសភា ពាណិជ្ជកម្មកម្ពុជា ក៏នឹងធ្វើដំណើរជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងផ្លាស់ប្តូរ ទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅ អាស៊ី»។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី ក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេស សមាជិក CICA ផ្សេងទៀតផងដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទេភាគី។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅ ប្រទេសតួកគីយ៉េ និងមានជំនួបជាមួយ លោក Recep Tayyip Erdoğan ប្រធានាធិបតីតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងតួកគីយ៉េ។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញបន្តធ្វើដំណើរទៅទីក្រុង Astana ដើម្បីជួបពិភាក្សាទ្វេភាគីផ្លូវការជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកាហ្សាក់ស្ថាន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងផ្តល់សន្ទុះថ្មីដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋ អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន៕
