Feature

រុស្ស៊ី​ បញ្ជាក់ពីការត្រៀមខ្លួន​ ផ្គត់ផ្គង់ប្រេងដល់ទីផ្សារអាមេរិក​ និងពិភពលោក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ដោយក្នុងនោះការយកចិត្តទុកដាក់យ៉ាងខ្លាំងត្រូវបានផ្តោតលើលទ្ធភាពនៃការដោះស្រាយវិបត្តិនៅអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ពីវិមានក្រឹមឡាំង។ 

ទាក់ទងនឹងស្ថានភាពថាមពលសកល វិមាន ក្រឹមឡាំង បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងឥន្ធនៈដល់ទីផ្សារអាមេរិក និងទីផ្សារសកល។

លោក ពូទីន បានលេីកឡេីងថា «ខ្ញុំជឿជាក់ថា វានឹងមានឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកទាំងមូល»។

ការសន្ទនានោះក៏បានគ្របដណ្តប់លើស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់ និងទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងទ្វេភាគីផងដែរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួនរវាងប្រធានាធិបតីទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាល សេវាស៊ើបការណ៍សម្ងាត់ និងស្ថាប័នផ្សេងៗទៀតរបស់ពួកគេ។​ លោក ត្រាំ ក៏បានបញ្ជាក់អំពីការសន្ទនាតាមទូរស័ព្ទនេះផងដែរ តាមរយៈការបង្ហោះសាររបស់លោកនៅលើបណ្តាញសង្គម Truth Social។

លោក ត្រាំ បានសរសេរថា «ខ្ញុំទើបតែបានបញ្ចប់ការពិភាក្សាដ៏ជោគជ័យមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ ដែលក្នុងនោះមានការព្រមព្រៀងគ្នាថា រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០,០០០ តោនជាបន្ទាន់ដល់ទីផ្សារអាមេរិក និងទីផ្សារសកល ព្រមទាំងចំនួន ៥០០,០០០ តោនទៀតក្នុងអំឡុងខែវិច្ឆិកា និង ១,០០០,០០០ តោនទៀតភ្លាមៗបន្ទាប់ពីនោះ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top